លោក Chris Sutton អតីតតារា Premier League បានគាំទ្រ Chelsea ឱ្យឈ្នះពាន Premier League នៅរដូវកាលនេះ។ ការទស្សន៍ទាយរបស់ Sutton កើតឡើងយ៉ាងដូចនេះ បើទោះបីជាក្រុមតោខៀវចាញ់ ៣-២ ក្រោមថ្វីជើងក្រុម West Ham United ក្នុងការប្រកួតក្របខ័ណ្ឌកំពូលរបស់អង់គ្លេសកាលពីថ្ងៃសៅរ៍ (ទី ៤ ខែធ្នូ) ក៏ដោយ។
ក្រុមរបស់លោក Thomas Tuchel បានធ្លាក់មកចំណាត់ថ្នាក់លេខ 3 ក្នុងតារាងលីក បន្ទាប់ពីចាញ់ក្រុម Hammers។ ក្រុមតោខៀវបានឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងលីក។ ទោះជាយ៉ាងណាក៏ដោយ Chris Sutton ជឿជាក់ថា Chelsea នឹងឈ្នះពានរង្វាន់ Premier League បើទោះបីជាទម្រង់លេងរបស់ពួកគេធ្លាក់ចុះបន្តិច នាពេលថ្មីៗនេះក៏ដោយ។
Sutton បានប្រាប់ Daily Mail ថា៖ «ខ្ញុំជឿជាក់ក្នុងចិត្តថា Chelsea នឹងឈ្នះពានរង្វាន់នេះ។ ការភ្លាត់ចាញ់ West Ham ស្មើនៅក្នុងផ្ទះជាមួយ Burnley នឹងមិនធ្វើឱ្យខ្ញុំផ្លាស់ប្តូរចិត្តទេ»។
Sutton បានបន្ថែមថា៖ «Thomas Tuchel និងកីឡាកររបស់គាត់បានចូលគេងកាលពីយប់ថ្ងៃសៅរ៍ដោយដឹងថា ជាលើកដំបូងចាប់តាំងពីថ្ងៃទី ១ ខែតុលា ពួកគេមិនបានឈរនៅលើកំពូលតារាងនោះទេ។ នោះមិនមែនជារឿងអាក្រក់នោះទេ។ ការប្រកួតជាប់ៗគ្នា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍អាចអស់កម្លាំង»។
បច្ចុប្បន្ន Chelsea មានពីរពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City និងមួយពិន្ទុតាមពីក្រោយក្រុមលេខពីរ Liverpool ។ ក្រុមតោខៀវគឺជាក្រុមមួយក្នុងចំណោមក្រុមដែលលេងជាប់លាប់បំផុតនៅអឺរ៉ុបក្នុងរដូវកាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Tuchel បានទទួលរងនូវការធ្លាក់ចុះនៃទម្រង់លេងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងសម្លឹងមើលការវិលត្រលប់វិញ ខណៈដែលពួកគេខិតជិតដល់បញ្ជីការប្រកួតដ៏មមាញឹកនៅក្នុងខែធ្នូ៕
សូមទស្សនាវីដេអូខាងក្រោម៖