អតីតខ្សែប្រយុទ្ធក្រុម Arsenal លោក Kevin Campbell បាននិយាយថា ការតែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការបណ្តោះអាសន្នថ្មី អាចនាំទៅដល់ការសម្លាប់អាជីពរបស់ Juan Mata និង Nemanja Matic នៅ Manchester United ។
Rangnick ត្រូវបានប្រគល់កិច្ចសន្យារយៈពេលប្រាំមួយខែកន្លះ ក្នុងនាមជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន បន្ទាប់ពីនោះគាត់នឹងកាន់តួនាទីជាទីប្រឹក្សារយៈពេលពីរឆ្នាំ។ Kevin Campbell យល់ឃើញថា ទាំង Mason Greenwood និងខ្សែបម្រើសញ្ជាតិហូឡង់ Donny Van De Beek អាចទទួលបានអត្ថប្រយោជន៍ពីការតែងតាំងរបស់ Rangnick ។
គាត់គិតដូចគ្នាអំពី Jesse Lingard ប៉ុន្តែបាននិយាយថា ទម្រង់លេងរបស់ Anthony Martial ប្រហែលជាមិនអំណោយផលដល់ប្រព័ន្ធ pressing របស់លោក Rangnick ទេ។ ទោះជាយ៉ាងណាក៏ដោយ Campbell គិតថាការតែងតាំងនេះអាចជាពេលវេលាដ៏អាក្រក់សម្រាប់ Juan Mata និង Nemanja Matic ដោយលោកបានលើកឡើងថា៖
«វាអាចជាកន្លែងសម្លាប់អាជីពសម្រាប់ Juan Mata និង Nemanja Matic»។ កីឡាករទាំងពីរបានតស៊ូក្នុងពេលវេលាដ៏លំបាកសម្រាប់រដូវកាលនេះ បើទោះបីជា Matic បានចាប់ផ្តើមក្នុងការប្រកួតស្មើរកាលពីពេលថ្មីៗនេះជាមួយក្រុមកំពូលតារាង Chelsea ក៏ដោយ៕