អ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២១ គ្រោងនឹងប្រកាសនៅសប្តាហ៍ក្រោយ ដោយគ្រប់គ្នារំពឹងថាកីឡាករក្នុងដួងចិត្តរបស់ពួកគេនឹងទទួលបានពានដ៏អស្ចារ្យនេះ។ អតីតអ្នកចាំទីជម្រើសជាតិអាឡឺម៉ង់ Oliver Kahn បានបង្ហាញឈ្មោះកីឡាករម្នាក់ដែលគាត់គិតថានឹងទទួលបានពានក្នុងឆ្នាំនេះ ហើយវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ។
យោងតាមវីរៈបុរសរបស់ក្លឹប Bayern Munich ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski សមនឹងទទួលបានតំណែងជាកីឡាករបាល់ទាត់ល្អបំផុតនៅលើភពផែនដីនៅឆ្នាំនេះ។ អ្នកចាំទីជើងចាស់រូបនេះអះអាងថា Lewandowski វ៉ាដាច់អ្នកផ្សេងទៀតនៅឆ្នាំ ២០២១ ដោយបន្ថែមថាលោកនឹងខកចិត្ត ប្រសិនបើគាត់មិនឈ្នះវា។
លោកត្រូវបានគេដកស្រង់សម្ដីថា៖ «ខ្ញុំនឹងមានការខកចិត្តយ៉ាងខ្លាំង ប្រសិនបើ Robert មិនឈ្នះ Ballon d’Or។ គ្មាននរណាម្នាក់សមនឹងទទួលបានវាច្រើនជាងគាត់នោះទេ»។ អ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២១ នឹងត្រូវប្រកាសដោយ France Football ក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅ Theatre du Chatelet ក្នុងទីក្រុងប៉ារីស នៅថ្ងៃទី ២៩ ខែវិច្ឆិកា។
Robert Lewandowski គឺជាកីឡាករដែលស័ក្តិសមបំផុតក្នុងការទទួលបានពានរង្វាន់ប្រចាំឆ្នាំនេះ។ ខ្សែប្រយុទ្ធរូបនេះស្ថិតក្នុងកម្រិតមិនគួរឱ្យជឿក្នុងរយៈពេលបីរដូវកាលចុងក្រោយនេះ ហើយបានទទួលការគាំទ្រពីមនុស្សជាច្រើន ដើម្បីទទួលបានជ័យជម្នះក្នុងការប្រជែងយករង្វាន់ដ៏គួរឱ្យចាប់អារម្មណ៍។
ទន្ទឹមនឹងនេះខ្សែប្រយុទ្ធ Bayern Munich ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពី Lionel Messi ដែលបានដឹកនាំអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់ Copa America នៅរដូវក្តៅនេះ។ ខ្សែបម្រើរបស់ Chelsea និងអ៊ីតាលី Jorginho ត្រូវបានមនុស្សជាច្រើនលើកឡើងផងដែរ បន្ទាប់ពីជោគជ័យរបស់គាត់ក្នុងការប្រកួតធំៗចំនួនបីនៅអឺរ៉ុប ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ។
កីឡាករដូចជា Karim Benzema, Cristiano Ronaldo, Ngolo Kante និង Kevin de Bruyne ក៏ស្ថិតក្នុងការប្រជែងយកពានរង្វាន់នេះផងដែរ។ គេនៅចាំមើលថា តើអ្នកណាជាអ្នកឈ្នះ ដែលនឹងត្រូវប្រកាសនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖