កីឡាករ Sergio Aguero នឹងបន្តសម្រាកនៅមន្ទីរពេទ្យ ដើម្បីពិនិត្យបេះដូងរបស់គាត់ បន្ទាប់ពីគាត់ជួបបញ្ហាពិបាកដកដង្ហើមក្នុងការប្រកួតចុងក្រោយរបស់ Barcelona នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។
ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ត្រូវបានដកខ្លួនចេញក្នុងតង់ទីមួយ នៃការប៉ះគ្នាកាលពីថ្ងៃសៅរ៍ ជាមួយនឹង Alaves បន្ទាប់ពីប្រជែងជាមួយនឹងខ្សែការពារ Victor Laguardia។ Aguero អាចងើបឡើងវិញបាន ក្រោយការប៉ះទង្គិចគ្នាក្នុងតំបន់ពិន័យ ប៉ុន្តែវាច្បាស់ណាស់ដែលឃើញគាត់មានការមិនស្រួល ហើយគាត់ត្រូវបានដកចេញនៅនាទី ៤២។
ចង្វាក់បេះដូងរបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានគេនិយាយថា បានកើនឡើងខ្ពស់ ហើយគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ខណៈពេលដែលមិត្តរួមក្រុមរបស់គាត់បានប្រកួតស្មើ ១-១ ក្នុងការប្រកួតដំបូងរបស់ពួកគេ ចាប់តាំងពីការបណ្តេញចេញរបស់ Ronald Koeman៕