UEFA បាននិយាយកាលពីថ្ងៃអាទិត្យថាក្រុម RB Liepizig នឹងត្រូវប្រកួតជាមួយក្រុម Liverpool នៅក្នុងជើងទី ១ នៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេនៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីអាជ្ញាធរអាល្លឺម៉ង់ បានបដិសេធមិនឲ្យ ភាគីអង់គ្លេសចូលមកប្រទេសនេះ ដោយសារតែ COVID-19 ។
គួររំលឹកថាក្រុម RB Leipzig នឹងត្រូវទទួលភ្ញៀវពីសំណាក់ក្រុមរបស់លោក Juergen Klopp នៅថ្ងៃទី ១៦ ខែកុម្ភៈ នៅឯទីលាន Red Bull Arena ប៉ុន្តែប្រទេសអាល្លឺម៉ង់ បានហាមឃាត់រាល់ការមកដល់នៃតំបន់ ដែលរងផលប៉ះពាល់ដោយ Covid-19 រហូតដល់ យ៉ាងហោចណាស់ថ្ងៃទី ១៧ ខែកុម្ភៈ ដោយមានករណីលើកលែង សម្រាប់ពលរដ្ឋអាឡឺម៉ង់ ឬអ្នកស្រុកតែប៉ុណ្ណោះ។
UEFA ក៏សូមថ្លែងអំណរគុណដល់ RB Leipzig និង Liverpool FC ដែលបានសហការ និងជួយយ៉ាងជិតស្និទ្ធ ក្នុងការស្វែងរកដំណោះស្រាយ ចំពោះបញ្ហានេះក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់ហុងគ្រី ដែលបានគាំទ្រ និងយល់ព្រមធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ។
ជាមួយគ្នានោះ Borussia Moenchengladbach របស់អាឡឺម៉ង់ ក៏កំពុងពិចារណា លើជម្រើសរបស់ពួកគេ សម្រាប់ការប្រកួតជើងទី ១ ទល់នឹងក្រុម Manchester City នៅថ្ងៃទី ២៤ ខែកុម្ភៈផងដែរ ប្រសិនបើការហាមឃាត់នេះ ត្រូវបានពន្យារពេល៕