ថ្ងៃនេះបិណ្ឌ១! សម្ដេចតេជោ ប្រាប់ឲ្យអាជ្ញាធរបង្កើន កិច្ចការពារសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនពលរដ្ឋក្នុងកំឡុងពេលបុណ្យភ្ជុំ (Video)

0


ភ្នំពេញ៖ ស្របពេលដែលថ្ងៃនេះ ជាថ្ងៃបិណ្ឌ១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា ថ្ងៃទី៣ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

សម្ដេចតេជោ បញ្ជាក់ថា «ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ» ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋបន្តចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធី ដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាត សាហាវខ្លាំងណាស់ ហើយពុំទាន់មាន ថ្នាំព្យាបាលនៅឡើយទេ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូន ជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន ៕