ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា ពេញមួយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃដំបូង នៃការសងថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរកម្សាន្ត នៅទូទាំងប្រទេសចំនួន ២៣៣.៣២៩នាក់។
ចំពោះរាជធានី-ខេត្ត ដែលគួរឱ្យកត់សម្គាល់នោះ រួមមាន៖
* រាជធានីភ្នំពេញ ១៤.២៥៤នាក់
* ខេត្តកំពត ៣០.៨០៤នាក់
* ខេត្តសៀមរាប ២៨.១៤០នាក់
* ខេត្តកែប ១៨.៥៥៧នាក់
* ខេត្តព្រះសីហនុ ១៨.៦០៤នាក់
* ខេត្តបាត់ដំបង ១៤.៦២៧នាក
* ខេត្តព្រះវិហារ ១០.៤៧០នាក់
* ខេត្តមណ្ឌលគិរី ៨.៨២៨នាក់
* ខេត្តរតនគិរី ៨.២០៨នាក់។
រាជធានី និងខេត្តមួយចំនួន មានការរៀបចំអភិវឌ្ឍជា ផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាសួនទឹកកម្សាន្ត (Garden City) នៅរាជធានីភ្នំពេញ រមណីយដ្ឋានព្រីនមាន័រ (Prince Manor) នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ផ្ទះផ្កា នៅខេត្តបាត់ដំបង បឹងលំកុដ នៅខេត្តរតនគិរី រមណីយដ្ឋានកែច្នៃសមុទ្រឈើ នៅខេត្តមណ្ឌលគិរី រមណីយដ្ឋានទេសចរណ៍ថ្មីៗនៅកោះរ៉ុង និងគោលដៅថ្មីផ្សេងទៀត។
ដោយឡែកការកើនឡើង ភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ក៏បានធ្វើឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ មានការងារវិញខ្លះ ទាំងមគ្គុទ្ទេសក៍ សម្រាប់ភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវក្នុងស្រុក។
តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋមានការយល់ដឹង កាន់តែប្រសើរអំពីការអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាព ទេសចរណ៍អំពីជំងឺកូវីដ១៩ ហើយរដ្ឋបាលខេត្ត ដែលមានមន្ទីរទេសចរណ៍ មន្ទីសុខាភិបាលជាសេនាធិការ បានខិតខំណែនាំ និងជំរុញការអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍យ៉ាងសកម្ម ។
ទន្ទឹមនឹងនេះ គោលដៅទេសចរណ៍នានា ក៏បានខិតខំអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ ជាពិសេសការស្កេនកម្ដៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជំរុញឲ្យភ្ញៀវទេសចរពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជាប្រចាំ ហើយរមណីយដ្ឋានខ្លះ ដែលជារមណីយដ្ឋានសំខាន់ ក្នុងខេត្តបានដាក់រថយន្តពេទ្យប្រចាំការ ដើម្បីត្រៀមជួយសង្គ្រោះជាយថាហេតុ។
រីឯការរក្សាគម្លាតសុវត្ថិភាព នៅមិនទាន់អនុវត្តបាន ពេញលេញនៅឡើយទេ ជាពិសេសការអង្គុយ ទទួលទានអាហារជុំគ្នាច្រើន ជាក្រុមក្រុមគ្រួសារ ឬក្រុមរបស់ពួកគាត់តែមួយ ហើយរមណីយដ្ឋានខ្លះ មានសភាពហួសចំណុះផ្ទុកធម្មតា ដោយសារភ្ញៀវទេសចរ មកលេងច្រើនក្នុងពេលតែមួយ ហើយដែលអ្នកគ្រប់គ្រង គោលដៅទេសចរណ៍ និងមន្ត្រីជំនាញនឹងបន្តខិតខំ ណែនាំបន្ថែមទៀត ឲ្យមានការចែករំលែក និងបង្វែរទស្សនកិច្ច ដើម្បីសម្រួលកុំឱ្យមានការផ្ទុកលើសពី ៥០% ៕