ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ឲ្យឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ចុះបេសកកម្មស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង និងខេត្ដប៉ៃលិន។
ក្នុងលិខិតចាត់តាំងនៅថ្ងៃទី១១ខែសីហា ឆ្នាំ២០២០នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានចាត់ឲ្យនាយនគរបាល ៤រូបផ្សេងទៀតអមដំណើរលោកឧត្តមសេនីយ៍ឯក យឹម លាង ក្នុងនោះរួមមាន៖
* ទី១៖ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាអនុប្រធាន
* ទី២៖ ឧត្តមសេនីយ៍ ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាសមាជិក
* ទី៣៖ ឧត្តមសេនីយ៍ទោ អ៉ឹង ដារ៉េត ប្រធានអង្គភាពអន្ដរាគមន៍ ជាសមាជិក
* ទី៤៖ ឧត្តមសេនីយ៍ត្រី ហឿន វីណា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាសមាជិក។
ជាមួយគ្នានោះ អគ្គស្នងការនគរបាលជាតិ ក៏បានសំណូមពរ ដល់អង្គភាពជំនាញ និងអាជ្ញាធរដែនដី ជាពិសេសស្នងការ នគរបាលរាជធានី ខេត្ត ដែលពាក់ព័ន្ធ ត្រូវជួយសម្រួល និងផ្ដល់កិច្ចសហការ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីឲ្យបេសកកម្មនេះ ទទួលបានជោគជ័យ៕