ប៉ូលិសពាក់ផ្កាយ១ ដែលបង្កជម្លោះក្នុងហាងផឹកស៊ី ត្រូវបានដកហូតកាំភ្លើង និងដាក់វិន័យកងកម្លាំង នគរបាលជាតិ

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ជិន សាមីឌី ដែលមានតួនាទី ជាអនុប្រធាននាយកដ្ឋាន សន្តិសុខឯកជន ដែលបានបង្កជម្លោះ ក្នុងហាងផឹកស៊ី វិមានព្រិល នោះពេលនេះ ត្រូវបានដាក់វិន័យ កងកម្លាំងនគរបាលជាតិ និងបានដកហូតកាំភ្លើងផងដែរ ខណៈភាគីជម្លោះក៏បានព្រមព្រៀងគ្នា បញ្ចប់រឿងរួចរាល់ផងដែរ។

សេចក្ដីបំភ្លឺ របស់នាយកដ្ឋានសន្តិសុខឯកជន នៃអគ្គស្នងការនគរបាលនៅថ្ងៃទី១២ សីហានេះ បានបញ្ជាក់ថា «នៅចំពោះមុខក្រុមប្រឹក្សាវិន័យ លោកឧត្តមសេនីយ៍ត្រី ជិន សាមីឌី បានសារភាពទទួលស្គាល់ កំហុសពិតជាបានឈ្លោះប្រកែកគ្នា ប៉ុន្តែពុំបានប្រើអាវុធ គំរាមបាញ់ឬបង្ករបួសស្នាម ដល់ម្ចាស់ហាង វិមានព្រិល នោះទេ រីឯរឿងហេតុនេះភាគីពាក់ព័ន្ធ បានបានព្រមព្រៀងគ្នា ផ្សះផ្សារបញ្ចប់រឿង រួចរាល់ផងដែរ»។

ប្រវត្តិរឿង៖ ប៉ូលិសពាក់ផ្កាយ១ ម្នាក់ខឹងសុំស្នេហ៍ ស្ត្រីម្ចាស់ហាងផឹកស៊ីមិនបាន ផ្ទុះជម្លោះទាញកាំភ្លើងគំរាមបាញ់

ភ្នំពេញ៖ បុរសម្នាក់ស្លៀកពាក់ស៊ីវិល ប៉ុន្តែត្រូវបានគេស្គាល់ថា មានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានមកផឹកស៊ីនៅក្នុងហាងវិមានព្រិល ក្រោយមកស្រវឹងស្រឿងៗ ហ៊ានសុំស្នេហ៍ពីស្ត្រីម្ចាស់ហាង តែមិនបានសម្រេចឈានទៅដល់ ផ្ទុះជម្លោះរត់ទៅទាញយកកាំភ្លើងខ្លី គំរាមបាញ់បណ្ដាលឲ្យភ្ញៀវ ផឹកស៊ីដូចគ្នារត់ចែកជើងគ្នាព្រាត ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅហាងផឹកស៊ីយីហោ វិមានព្រិល ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្លៀកពាក់ស៊ីវិល ក៏ប៉ុន្តែបានត្រូវគេស្គាល់ថា ជាឧត្តមសេនីយ៍ត្រី (ផ្កាយ ១) បានជិះរថយន្តម៉ាកឡិស៊ីស ពណទឹកប្រាក់ ពាក់ផ្លាកលេខ នគរបាល 2.7119 បានចូលទៅហាងផឹកស៊ី ដែលមានយីហោ ”វិមានព្រិល” ។ ក្រោយមកស្រវឹងស្រឿងៗ បុរសម្នាក់នោះបានសុំស្នេហ៍ពី ម្ចាស់ហាង ក៏ប៉ុន្តែស្ត្រីម្ចាសហាងមានប្រតិកម្ម ដើម្បការពារសិទ្ធិ និងកិត្តិយស របស់ខ្លួនបង្កឱ្យបុរសនោះមាន ភាពអាម៉ាស់និង ខឹងសម្បាយ៉ាងខ្លាំង ដោយសារការចែចង់សុំស្នេហ៍មិនបាន ហើយក៏ស្រាប់តែ ផ្ទុះហិង្សាជាមួយ ម្ចាស់ហាងមួយប្រាវ រួចក៏បើករថយន្តចេញបាត់ទៅ ។ ស្រាប់តែមួយសន្ទុះ ក្រោយមកបុរសនោះបាន បើករថយន្តមកហាងផឹកស៊ី ”វិមានព្រិល” វិញ ហើយដកកាំភ្លើងគំរាមបាញ់ ត្រូវបានម្ចាស់ហាងរាយការណ៍ ទៅកងកម្លាំងនគរបាល និងអាវុធហត្ថចំការមន ឱ្យជួយធ្វើអន្តរាគមន៍ ។ កងកម្លាំងមាន សមត្ថកិច្ចបានចុះទៅដល់កន្លែងភ្លាមៗ តែជនបង្កបានឡើងរថយន្ត បើកគេចចេញ ពីកន្លែងកើតហេតុហើយក៏ត្រូវបាន សមត្ថកិច្ចដេញតាម ពីក្រោយ រហូតដល់ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ទើបឃាត់រថយន្ត និងបុរសម្នាក់ដែលជាខ្មាន់កាំភ្លើងនោះបាន ហើយក៏បាន នាំខ្លួនមកកាន់ អធិការដ្ឋានខណ្ឌចំការមនវិញ ។

បន្ទាប់ពីបញ្ជូនជនបង្ក នោះមកដល់អធិការដ្ឋាននគរបាល ខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញ អត្តសញ្ញាណជនបង្ក នោះឱ្យដឹងថា មានឈ្មោះ ជិន សាមីឌី អាយុ ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី (អនុប្រធាននាយកដ្ឋាន) ទីលំនៅផ្ទះលេខ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ បច្ចុប្បន្នឧត្តមសេនីយ៍ខាងលើ ត្រូវបានសមត្ថកិច្ច នាំមកសាកសួរបន្ថែម ។ រីឯស្ត្រីម្នាក់ដែលជា ម្ចាស់ហាងខាងលើ ក៏ត្រូវបាន សមត្ថកិច្ចអញ្ជើញ មកកាន់អធិការដ្ឋានខណ្ឌចំការមនផងដែរ ដើម្បីសាកសួរពីមូលហេតុ និងចាត់ការតាមផ្លូវច្បាប់ ៕