ភ្នំពេញ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំមួយដល់ រដ្ឋបាលខណ្ឌទាំង១៤ ឱ្យចាត់វិធានការតាមច្បាប់ចំពោះ សកម្មភាពជួបជុំ ប្រមូលផ្ដុំ ដែលធ្វើឡើងគ្មានការជូនដំណឹង ជាលាយលក្ខណ៍អក្សរ មកកាន់រដ្ឋបាលរាជធានីភ្នំពេញ។
សេចក្តីណែនាំបានធ្វើឡើង បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសកម្មភាពជួបជុំ ប្រមូលផ្ដុំតវ៉ា ទាមទារឱ្យមានការដោះលែង លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានជូនដំណឹង មកអាជ្ញាធរមានសមត្ថកិច្ច។
រដ្ឋបាលរាជធានីភ្នំពេញបានចាត់ទុកថាសកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ាខាងលើនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្ដាប់ធ្នាប់ សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធី ត្រង់មាត្រា៥ ដែលបានចែងថា ក្រុមបុគ្គលណាដែលមានបំណងធ្វើបាតុកម្មដោយសន្តិវិធី នៅកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅអាជ្ញាធរដែនដីរាជធានី ឬខេត្ត មានសមត្ថកិច្ចគ្រប់គ្រង ទីកន្លែងនោះ។ ទន្ទឹមនឹងនេះសកម្មភាពជួបជុំប្រមូលផ្ដុំ ក្នុងដំណាក់កាល នៃការរីករាលដាល ជាសកលនៃវីរុសកូវីដ-១៩ បានអនុវត្តផ្ទុយអំពីវិធានការនានា របស់អង្គការសុខភាពពិភពលោក (WHO) គោលការណ៍សុខភាពសាធារណៈ របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងការពង្រឹងការងារតាមដានការអនុវត្តវិធានការ ការពាររលកទីពីរ នៃការចម្លងមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំខាងក្រោម៖
– រាល់ការជួបជុំប្រមូលផ្ដុំតវ៉ាទាំងអស់ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធី និងស្របតាមវិធានការ ណែនាំនានា ស្ដីពីការបង្ការ-ទប់ស្កាត់ ការរីករាលដាល ការចម្លងវីរុស កូវីដ-១៩ ។
-រាល់សកម្មភាពជួបជុំប្រមូលផ្ដុំ ដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរ មករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកថាជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន។
ក្រោយទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាល នៃគណៈ អភិបាលខណ្ឌ ទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ ទាំងឡាយ ត្រូវអនុវត្តដោយស្មារតី ទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕