ភ្នំពេញ៖ គណៈសង្ឃនាយក បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះទង្វើដ៏ស្មោកគ្រោក អសីលធម៌ ទុច្ចរិត និងភាពជាអមនុស្ស របស់ម្ចាស់គណនីឈ្មោះ Troll យឹម តន ព្រមទាំងឲ្យស្នើក្រសួងធម្មការ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការលើអ្នកគ្រប់គ្រង លើគណនីហ្វេសប៊ុកនេះទៅតាមផ្លូវច្បាប់ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់គណៈសង្ឃនាយក នៅថ្ងៃ១៥ កក្កដានេះ បានឲ្យដឹងថា កាលពីថ្ងៃទី១០ កក្កដាកន្លងទៅនេះ មានគណនីហ្វេសប៊ុកឈ្មោះ Troll យឹម តន បានបង្ហោះឃ្លីបវីដេអូផ្សព្វផ្សាយ តាមបណ្តាញសង្គម ជាបទចម្រៀងលាយឡំដោយ ការកាត់តរូបភាពបព្វជិតសង្ឃពុទ្ធសាសនា ក្នុងលក្ខណៈអាសអាភាសជាមួយស្រ្តីភេទ ដោយប្រើពាក្យពេចន៍ ក្នុងខ្លឹមសារវាយប្រហារ ប្រកបដោយចេតនា បំផ្លិចបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរដ៏ដូចជាតម្លៃពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ការណ៍នេះគឺជាការប្រមាថ ចំពោះព្រះសង្ឃថេរវាទ នៅកម្ពុជា យ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជាពុទ្ធបរិស័ទផងដែរ មានភាពទោមស្សកើតទុក្ខ មិនសុខចិត្តយ៉ាងក្រៃលែងចំពោះទង្វើដ៏អកុសល និងថោកទាបនេះ។
គណៈសង្ឃនាយកបញ្ជាក់ថា រូបភាពបុគ្គលដែលគណនី ហ្វេសប៊ុកខាងលើ យកមកកាត់តជាមួយស្ត្រីភេទ គឺជារូបភាពដែលគណៈសង្ឃ គ្រប់ជាន់ថ្នាក់ បានដោះស្រាយប្រកប ដោយច្បាប់វិន័យរួចហើយ រូបភាពខ្លះជារូបភាពសង្ឃបរទេស និងរូបភាពខ្លះទៀតជារូបភាព បព្វជិតសង្ឃពុំមានកំហុសអ្វីឡើយ។ ពុំមែនតែបច្ចុប្បន្ននេះទេ គណនីហ្វេសប៊ុកឈ្មោះ Troll យឹម តន មួយនេះបានប្រព្រឹត្តអំពើរឿងអកុសល ដដែលនេះជាច្រើនឆ្នាំមកហើយ។
ដើម្បីទប់ស្កាត់ទង្វើអកុសល កុំឱ្យកើតមានឡើងដដែលៗ គណៈសង្ឃនាយកនៃ ព្រះរាជណាចក្រកម្ពុជា បានធ្វើការបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះ ទង្វើដ៏ស្មោកគ្រោក អសីលធម៌ ទុច្ចរិត និងភាពជាអមនុស្ស ហើយសូមស្នើក្រសួងធម្មការ និងសាសនា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធចាត់វិធានការលើអ្នកគ្រប់គ្រង លើគណនីហ្វេសប៊ុកខាងលើតាមនីតិវិធី ៕