ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា បានបង្ហាញអារម្មណ៍ហួសចិត្ត ដែលបានឃើញគ្រួសារមួយ បានប្រមូលគ្រាប់មីន និងគ្រាប់សំណល់ផ្ទុះពីសង្គ្រាម ដោយប្រមូលពីក្នុង ព្រៃមកទុកក្បែរកាំជណ្តើរផ្ទះ។
នៅលើហ្វេសប៊ុកលោក ហេង រតនា បានសរសេរយ៉ាងដូចច្នេះថា «ហួសវាចានឹងថ្លែងហ្នងលោកព្រះ! ប្រមូលគ្រាប់មីន និងគ្រាប់សំណល់ផ្ទុះពីសង្គ្រាម ដោយប្រមូលពីក្នុងព្រៃ មកទុកក្បែរកាំជណ្តើរ កុំឱ្យពិបាកមើលមិនឃើញឬស្អី?» ។
លោកបន្តថា បើថាចាស់ៗអាចអាងខ្លួន មានជំនាញតាំងពីចូលទាហាន បំរើកងទ័ពឯណោះ! ប៉ុន្តែកុមារាកុមារី និងអ្នកភូមិខ្លះអាច ប្រឈមមុខគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់! ក្រុមជំនាញស៊ីម៉ាក់ និងកំលាំងប៉ូលីស ចាត់ការនៅថ្ងៃទី៨ ខែកក្កដា ២០២០! ភ្ជួរដីឃើញគ្រាប់ទាំងនេះ ក៏ប្រមូលលើកដាក់តាមគោយន្តតែម្តង ព្រឹត្តិការណ៍ស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕