រដ្ឋមន្រ្តីមហាផ្ទៃ ប្រតិកម្មចំពោះអ្នករិះគន់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីយកលុយពីពលរដ្ឋ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចេញប្រតិកម្ម ចំពោះអ្នករិះគន់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីយកលុយពីពលរដ្ឋ។

បន្ថែមពីនេះសម្ដេចក្រឡាហោមបញ្ជាក់ថា រាជរដ្ឋាភិបាល រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មិនមែនដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ដូចក្រុមអ្នករិះគន់គិតឡើយ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ ២០២០ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «មានគេលើកឡើងថា (ក្រុមអ្នករិះគន់) ប្រជាជនយើងកំពុងរងផលប៉ះពាល់ ជំងឺកូវីដ-១៩ យើងដាក់បន្ទុកទៅលើ ប្រជាពលរដ្ឋទៀតតាមរយៈ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ហើយមានអ្នកខ្លះទៀតថា រឹតបន្ដឹងដើម្បីយក លុយប្រជាពលរដ្ឋ»។

សម្ដេចក្រឡាហោម បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជំងឺ កូវីដ-១៩ ហើយរហូតដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩នៅកម្ពុជា ចំនួន១៤១នាក់ នឹងមិន ទាន់មានអ្នកណាម្នាក់ស្លាប់ ដោយសារជំងឺកូវីដ-១៩ឡើយ។ ក៏ប៉ុន្ដែងាកមកមើលគ្រោះចរាចរណ៍វិញ មានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះ អ្នករិះគន់ បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍គ្រាន់តែលេស និងធ្វើការដោយមិនច្បាស់លាស់ ហាក់បីដូចជា ចង់ឲ្យប្រជាជនស្លាប់បន្ដទៀត។

សម្ដេចក្រឡាហោម បន្ថែមថា អ្នករិះគន់ចំពោះបញ្ហាច្បាប់ចរាចរណ៍ថ្មី មិនឲ្យតម្លៃប្រជាពលរដ្ឋ និងមិនពិចារណាដោយត្រឹមត្រូវ៕