ភ្នំពេញ៖ ដើម្បីចូលរួមសកម្មភាព សេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដោយអនុញ្ញាតឲ្យក្លឹបកម្សាន្ត និង KTV ក្នុងមូលដ្ឋាន បើកដំណើរឡើងវិញ ក្នុងរូបភាពប្រែក្លាយជា ភោជនីយដ្ឋាន ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ដើម្បីចូលរួមសកម្មភាព សេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតអោយម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញ បើកដំណើរការដោយ ប្រែក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែម្ចាស់អាជីវកម្ម ត្រូវស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយ រាជធានីភ្នំពេញ និងគោរពអោយបានម៉ឺងម៉ាត់នូវវិធាន នៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ នូវការរីករាលដាល នៃជំងឺ កូវីដ១៩ និងវិធានសុវត្ថិភាព របស់ក្រសួងទេសចរណ៍ ៕