ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះគ្រាប់មីនមិនទាន់ផ្ទុះ ដោយហេតុថា រដូវវស្សាមានទឹកភ្លៀងច្រើន ធ្វើឱ្យដីទន់ជ្រាយងាយ បង្កការផ្ទុះគ្រាប់មីនជាមួយ កំលាំងសង្កត់ពីខាងលើផ្ទៃដី ។ នេះបើយោងតាមហ្វេសប៊ុកលោក ហេង រតនា ។
លោកអគ្គនាយកស៊ីម៉ាក់ ក៏បានប្រាប់ឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ដែលអាស្រ័យផលដី មានបញ្ហាគ្រាប់មីន មេត្តាមានស្មារតី ប្រុងប្រយត្ន័ខ្ពស់ផងដែរ ។
លោកបន្តថា ដោយឡែកបងប្អូនរកស៊ីខាងភ្ជួររាស់ និងបើកដីថ្មីដែលគេជួលនោះ សូមទាក់ទងស្វែងរកព័ត៌មាន ស្តីពីបញ្ហាគ្រាប់មីននៅតំបន់ ដែលខ្លួនត្រូវធ្វើកាជាមុនសិន ដោយព័ត៌មាននោះអាចសាកសួរ អាជ្ញាធរមូលដ្ឋានមេភូមិ ក្រុមប្រឹក្សាឃុំ ប៉ុស្តនគរបាល ឬអង្គភាពដោះមីន ចៀសាងប្រថុយប្រថាន នឹងគ្រោះថ្នាក់ដោយសារផ្ទុះមីន ។
លោកក៏បានចាត់ទុក ប្រជាពលរដ្ឋម្ចាស់ដីស្រែចំការ ដីរុនរានថ្មី ដែលបានដឹងឬសង្ស័យថា ដីរបស់ខ្លួនមានបញ្ហាគ្រាប់មីន ហើយសំរេចជួលអ្នកដ៏ទៃ មកប្រថុយប្រថានគ្រោះថ្នាក់ ដោយសារគ្រាប់មីនជំនួសខ្លួន ជាទង្វើបែបនេះអសីលធម៌ និងខុសច្បាប់ការងារ ៕








