ថ្ងៃនេះ ៤៣ឆ្នាំមុន បុរសខ្លាំងនៃកម្ពុជា បានយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រទេសជាតិ (វីដេអូ)

0

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា កាលពី ៤៣ឆ្នាំមុន បុរសខ្លាំងនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តដោយ ការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារទាំងស្រុងថា ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយ ការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុង ទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវ ទឹកភ្នែករាប់ម៉ឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើង ចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។

ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ ។