ភ្នំពេញ៖ រាជរដ្ឋាភិបាល នូវែលសេឡង់ ( New Zealand) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្រេចផ្តល់ថវិកាជាជំនួយ ឥតសំណងចំនួន ៥,៩ លានដុល្លារ ញូវហ្សេលែន ស្មើរប្រមាណ ៣,៨ លានដុល្លារអាមេរិក ក្នុងការចូលរួមការងារបោសសម្អាតមីន នៅកម្ពុជា រយៈពេល ៦ឆ្នាំ។ នេះបើយោងតាមអាជ្ញាធរមីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្រ្តីនិងអនុប្រធានទី១ អាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននូវែលសេឡង់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរមីន ក្នុងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋតាមសហគមន៍ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន។
អាជ្ញាធរមីន សូមធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយ UNDP។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម សម្តេចតេជោ ប្រធានអាជ្ញាធរមីន លោក លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណគុណជូនចំពោះបណ្ដាប្រទេសជាមិត្ត និងដៃគូមួយចំនួនដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌ មានជាអាទិ៍ដូចជា ៖ អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង ន័រវែស ស្វីស អៀរឡង់ អូស្រ្ដាលី កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង អង្គការUNDP និងអង្គការ UNICEF ផងដែរ៕


