ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងពេលចូលរួម កិច្ចប្រជុំស្តីពីគោលនយោបាយកសិកម្ម របស់សហភាពអឺរ៉ុប តាមរយៈ Video Conference កាលពីពេលថ្មីៗនេះ លោក Luke Ming Flanagan តំណាងរាស្ត្រសភាអឺរ៉ុបសញ្ជាតិ Irish [Irlande] បានភ្លេចស្លៀកខោ ។
លោក ខៀវ កាញារីទ្ធ បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុកថា «ការប្រជុំពីចំងាយ (videoconference) ក៏ជួនកាលមានហានិភ័យខ្ពស់ដែរ ។ ជាក់ស្តែង នៅដើមសប្តាហ៍ខែមិថុនានេះ នៅពេលមានការប្រជុំអនឡាញមួយ ស្តីពីគោលនយោបាយកសិកម្ម របស់សហភាពអឺរ៉ុប តំណាងរាស្ត្រសភាអឺរ៉ុបសញ្ជាតិ Irish [Irlande] នាម Luke Ming Flanagan ដែលបានចូលរួមដែរនោះ បានច្រលំចុចរូបលើ iPad របស់លោកជាខ្នាត Portrait ( តាមពិតត្រូវប្រើ Landscape ) ជាលទ្ធផលគេឃើញរូបលោកទាំងអស់ ដែលមិនមានស្លៀកខោទៅទៀត (ក្នុងរូប)» ។
លោករដ្ឋមន្ត្រីបន្ថែមថា «ពេលនេះ លោកមានរហស្សនាមមួយថ្មីហើយ គឺ «លោក មិញ អត់ខោ» [Ming the Trouserless] ។ ហើយកាលពីខែមុនដែលខ្ញុំចូលរួម Webinar ជាមួយអង្គការ AIBD រដ្ឋមន្ត្រីព័ត៌មានប្រទេស Samoa ពេលចូលរួមពិភាក្សា ច្រលំបង្វិល camera បានឃើញគាត់នៅខ្លួនទទេ ហើយថែមទាំងរូបប្រពន្ធកំពុង បត់ភួយបត់មុងទៅទៀត ( ជាពេលព្រឹកនៅស្រុកគាត់ ហើយ បែបគាត់ទើបងើបពីដំណេក ) ។ អញ្ចឹងបានអញ្ចឹង!» ៕