ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណើរ របស់ធនាគារអេឡិចត្រូនិក នៃធនាគារដៃគូរ ដើម្បីចូលរួមក្នុងការ ប្រមូលនូវការផាក ពិន័យចរាចរណ៍ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា សំណើ របស់ស្ថាប័នហិរញ្ញវត្ថុ ផ្សេងៗទៅលើបញ្ហា ការបង់ប្រាក់ពិន័យនេះ គឺមិនទាន់អាចឆ្លើយតបបាន នៅឡើយទេ ព្រោះអគ្គស្នងការនគរបាលជាតិ ចង់ឲ្យមានការជួបផ្ទាល់ រវាងអ្នកល្មើស និងនគរបាលចរាចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំអំពីករណីល្មើស និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍តាមរយៈសេវា ធនាគាអេឡិចត្រូនិក របស់ធនាគារជាដៃគូរបម្រើសេវាកម្ម ប្រតិបត្តិការចំណូល–ចំណាយថវិការដ្ឋ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន បញ្ជាក់ថា «ការអនុវត្តនីតិវិធី នៃការគ្រប់គ្រង ការប្រមូល ការបែងចែកប្រាក់ពិន័យ ការប្រើប្រាស់បង្កាន់ដៃពិន័យ គឺមានយន្តការច្បាស់លាស់ និងត្រួតពិនិត្យត្រឹមត្រូវ បើទោះជានីតិវិធីមិនទាន់មាន ភាពជឿនលឿននៃបច្ចេកទេស ក្នុងការគ្រប់គ្រង ប៉ុន្តែមានលក្ខណៈជាក់លាក់ មានតម្លាភាព និងមិនមានបញ្ហា អ្វីដែលធ្វើឲ្យបាត់បង់ ប្រាក់ចំណូល ឬកិត្តិយស សេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលនោះឡើយ។ »
ជាងនេះទៀត នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានបញ្ជាក់ផងដែរថា សភាពការណ៍ នៃការរឹត បន្តឹងការ អនុវត្តច្បាប់ចរាចរណ៍ក្នុងរយៈពេល២ខែនេះ មានលក្ខណៈល្អប្រសើរ ដែលបានកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ជាង១១% ,អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការថយចុះជាង២០%, និងអ្នករបួសមានការថយចុះជាង២០%។ ព្រមជាមួយគ្នានោះដែរ ក្នុងខែ ឧសភាកន្លងទៅមានការផាកពិន័យចំនួន៤៤០០០ករណី ក្នុងនោះបទល្មើសម៉ូតូមាន ចំនួន៧៦% និងរថយន្តចំនួន២៤%។
ចំណែកនាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវប្រជុំ ពិនិត្យ ទៅលើលិខិត សំណើរបស់ធនាគារអេឡិចត្រូនិក នៃធនាគារដៃគូរ ដើម្បីចូលរួមក្នុងការ ប្រមូលនូវការផាក ពិន័យចរាចរណ៍ ដើម្បីតាមដានការនូវអនុវត្តបានកម្រិតណា និងដើម្បីស្វែងរកគន្លឹះ និងគំនិតយោបល់ ផ្សេងបន្ថែមទៀត៕