ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញនិងណែនាំដល់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវទទួលនិងប្រមូលយកពាក្យ បណ្ដឹងនានា ជាលាយលក្ខណ៍អក្សរ ឬក៏ជាការផ្សព្វផ្សាយ តាមសារព័ត៌មាន ឬតាមបណ្តាញ សង្គមផ្សេងៗពីគ្រប់ប្រភព ដែលទាក់ទងទៅនិងរឿងរ៉ាវ ក៏ដូចជារឿងអាស្រូវ របស់មន្រ្តីក្រោមចំណុះក្រសួងមហាផ្ទៃ យកមកដោះស្រាយឲ្យអស់ និងឈរលើគោលការណ៍ច្បាប់ ជាមូលដ្ឋានប្រកប ដោយយុត្តិធម៌។
ក្នុងកិច្ចប្រជុំឆ្លងផែនការ សកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ សម្តេច ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមស្នើ ធ្វើមិចគោលការណ៍ របស់យើងគឺត្រូវតែប្រមូលរឿង ឲ្យអស់ហើយដោះស្រាយរឿង ឲ្យអស់ ព័ត៌មានទាំងឡាយ ដែលពាក់ព័ន្ធនិងក្រសួងមហាផ្ទៃ គឺយើងខិតខំប្រមូលឲ្យអស់ ហើយដោះស្រាយឲ្យអស់ ទោះបីតាម ប្រភពណាក៏ដោយ”។
រដ្ឋមន្រ្តីមហាផ្ទៃបន្ដថា រាល់ការបង្ហោះសារ ឬការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន នៅតាមប្រព័ន្ធអេឡិចត្រូនិក គឺមានព័ត៌មានខ្លះត្រូវ ដែលត្រូវតែយកមកធ្វើការស្រាវជ្រាវ និងដោះស្រាយទោះបីចេញពីប្រភពណាក៏ដោយ។
សម្តេចក៏បានចាត់ទុកថា នេះគឺជាប្រភេទពាក្យបណ្តឹងមួយតាមរយៈសារព័ត៌មាន ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ ហើយសម្តេច ក៏បានណែនាំឲ្យអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជ្រើសរើសយកបញ្ហាទាំងអស់នោះយកមកស្រាវជ្រាវ ហើយធ្វើការដោះស្រាយ។ លើសពីនេះទៀត សម្តេច ក៏បានចាត់ទុកថា មន្រ្តីអធិការកិច្ច ក៏ដូចជាមន្រ្តីសវនកម្ម គឺដូចជាបូជនីយៈបុគ្គល ដែលត្រូវតែតម្កល់យុត្តិធម៌ជាចម្បង គឺត្រូវធ្វើការដោយភាពត្រឹមត្រូវយុត្តិធម៌ និងមិនលំអៀង។
សូមជម្រាបថា ក្នុងឆ្នាំ២០១៩ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងចំនួន ៨៥៣ សំណុំរឿង ដោយក្នុងនោះទទួលបានពីប្រភពជាច្រើនរួមមាន តាមរយៈក្រសួងមហាផ្ទៃផ្ទាល់, តាមបញ្ជារបស់ថ្នាក់ដឹកនាំ, តាមសំណើអន្តរាគមន៍ និងតាមរយៈសារព័ត៌មាននានា។ ហើយក្នុងចំណោមពាក្យបណ្តឹងសរុបចំនួន ៨៥៣នេះដែរ អគ្គាធិការដ្ឋាន បានចាត់មន្រ្តីជំនាញចុះធ្វើអធិការកិច្ច អង្កេតស្រាវជ្រាវ ព្រមទាំងបានស្នើសុំគោលការណ៍ពិនិត្យ សម្រេចដោយបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធ និងសាម៉ីដើមបណ្តឹងតាមនីតិវិធីច្បាប់៕