ក្រដាសប្រាក់ ១$ ២$ ៥$ នៅទទួលយក តាមតម្លៃសេដ្ឋកិច្ច តែលើកទឹកចិត្ត ឲ្យចាយប្រាក់រៀល

0

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់សាធារណជនថា ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយក តាមតម្លៃសេដ្ឋកិច្ច ប៉ុន្តែសូមលើកទឹកចិត្តដល់សាធារណជន ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ ។

តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៣០ ឧសភានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានប្រកាសគាំទ្រគំនិតផ្តួចផ្តើម របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ។

ជាមួយគ្នានោះ សមាគមសូមដាក់ចេញ នូវសេចក្ដីថ្លែងការណ៍ ដូចខាងក្រោមសម្រាប់សមាជិកទាំងអស់ ក្នុងការអនុវត្ត ព្រមទាំងផ្សព្វផ្សាយ ជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មាន៖

១.សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការបញ្ជាក់ចំពោះសាធារណជន ឲ្យបានជ្រាបថា ក្រដាស ប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច។

២.ជាមួយគ្នានេះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមចូលរួមលើកទឹកចិត្ត ដល់សាធារណជន ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ៕