សម្ដេច ទៀ បាញ់៖ បើគ្មានវត្តមាន នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោទេ ប្រហែលជា…

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា បើគ្មានវត្តមាននយោបាយ ឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រហែលជាយើងកំពុងបន្តរស់នៅ ដោយការភ័យខ្លាច ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ឧសភានេះ សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា ទម្រាំមានថ្ងៃនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ និងពុះពារគ្រប់ឧបសគ្គដើម្បី អនុវត្តនូវនយោបាយឈ្នះឈ្នះ។

សម្ដេចបន្ថែមថា វត្តមានរបស់នយោបាយឈ្នះឈ្នះ និងការតស៊ូគ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់លទ្ធភាពឱ្យកម្ពុជា ធ្វើការបង្រួបបង្រួមកម្លាំង ដែលបែកខ្ញែកឱ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបានការឯកភាពជាតិពេញលេញ ដែលជាកត្តាយ៉ាងសំខាន់បំផុត ក្នុងដំណើរការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ ។

សម្ដេចពិជ័យសេនា បញ្ជាក់ថា «បើគ្មានវត្តមាននយោបាយ ឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រហែលជាយើងកំពុងបន្ត រស់នៅដោយការភ័យខ្លាច គ្មានលទ្ធភាពប្រកបរបរ ចិញ្ចឹមជីវិតឱ្យបានពេញលេញ មិនហ៊ានសូម្បីតែធ្វើដំណើរ ទៅតំបន់មួយចំនួននៃ មាតុភូមិកំណើតរបស់ខ្លួន មានការលំបាកក្នុងការ ប្រតិបត្តិជំនឿសាសនា គ្មានលទ្ធភាពទទួលបានការអប់រំសមរម្យ និងមិនអាចចូលរួមអបអរសាទរ យ៉ាងសប្បាយរីករាយក្នុងឱកាស បុណ្យនានាដូចសព្វថ្ងៃនេះឡើយ» ៕