ជិតរួចហើយ! មណ្ឌលកីឡាហែលទឹក ក្នុងខេត្តបាត់ដំបង សម្រេចបាន ៦៩,៥% ហើយ

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គម្រោងសាងសង់មណ្ឌលកីឡាហែលទឹក ដែលមានទីតាំងឋិត  នៅក្នុងបរិវេណនៃ សាកលវិទ្យាល័យខេត្តបាត់ដំបង បានសាងសង់សម្រេចបាន ៦៩,៥% ហើយ។ នេះបើយោងតាម ក្រសួងសាធារណការ។

សូមរំលឹកថា មណ្ឌលហែលទឹកនេះ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាងសង់ឡើង តាមស្តង់ដារអន្តរជាតិ គ្រោងចំណាយថវិកា ប្រមាណ ២លានដុល្លា និងចំណាយពេលសាងសង់ប្រមាណ២៤ខែ ហើយគិតរហូត មកដល់ពេលនេះការសាងសង់ សម្រេចបានប្រមាណ ៦៩,៥ ភាគរយហើយ។

មណ្ឌលហែលទឹកនេះសាងសង់ លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្នុងនោះរួមមាន៖ អាង សម្រាប់ប្រកួតទំហំ២៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ជម្រៅ២ម៉ែត្រ អាងលោតទឹកទំហំ២០ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ជម្រៅ៤,៥ម៉ែត្រ អាងហែលកំដៅសាច់ដុំ ទំហំ១០ម៉ែត្រ គុណនឹង ១៥ ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ ប៉មលោតទឹកកំពស់១០ម៉ែត្រ ចែកជាថ្នាក់លោតកំពស់៣ម៉ែត្រ ៥ម៉ែត្រ ៧ម៉ែត្រ និង១០ ម៉ែត្រ អាងទាំងបី និងប៉មលោតទឹក ត្រូវសាងសង់នៅលើខឿន ទំហំ៤០ម៉ែត្រ គុណនឹង ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១,៥ម៉ែត្រ អាងទឹកក្នុងដីសម្រាប់ រក្សាតុល្យភាពទឹក អាងទាំងបីទំហំ ១០ម៉ែត្រ គុណនឹង១៥ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ។

លើសពីនេះទៀត មណ្ឌលហែលទឹកនេះរួមមាន៖ កន្លែងអង្គុយទស្សនា បន្ទប់ម៉ាស៊ីនចម្រោះ បន្ទប់ឃ្លាំង បន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ទឹកកីឡាករកីឡាការីនី បន្ទប់ទឹកសាធារណៈ ទីធ្លាចំណតរថយន្តនិងទោចក្រយានយន្ត អាគារពហុបំណង បន្ទប់ពិសេសសម្រាប់គណៈអធិបតី បន្ទប់បញ្ជាការប្រកួត បន្ទប់ សង្គ្រោះបន្ទាន់ បន្ទប់អាជ្ញាកណ្តាល កន្លែងសម្រាករយៈពេលខ្លីក្នុងពេលប្រកួត បន្ទប់ស្នាក់នៅសម្រាប់ កីឡាករទាំងពីរភេទ បន្ទប់បរិភោគ និងចង្រ្កានចំអិនអាហារផងដែរ។

មណ្ឌលហែលទឹកនេះ សាងសង់ឡើងក្រោម គំនិតផ្តួចផ្តើម របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីអាចឱ្យកីឡាករ កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅ ធ្វើការហ្វឹកហាត់កីឡា ដើម្បីសុខភាព ឬក៏ដូច ជាដើម្បីត្រៀមចូលរួមដណ្តើម យកមេដាយក្នុងការប្រកួតស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែល ព្រះរាជាណាចក្រកម្ពុជា គ្រោងធ្វើម្ចាស់ផ្ទះនៃការប្រកួតនេះ ៕