ភ្នំពេញ៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៥ ឧសភា បានដឹកនាំគណៈប្រតិភូ អញ្ចើញចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រ និងសម្ដេចម៉ែ នាព្រះមហាប្រាសាទខេមរិន្ទ ដើម្បីថ្វាយតង្វាយជាថវិកាចំនួន ១លានដុល្លារ ថ្វាយព្រះអង្គទាំងទ្វេ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក Royal du Cambodge បានឲ្យដឹងថា «នាវេលាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះបរមរាជានុញ្ញាតជូន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ចើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ដើម្បីទូលថ្វាយរបាយការណ៍ ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា និងក្រាបថ្វាយតង្វាយជាថវិកាចំនួន ៥០ម៉ឺនដុល្លារ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និង ៥០ម៉ឺនដុល្លារ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីរួមវិភាគទានដល់ ព្រះរាជសកម្មភាពមនុស្សធម៌ ដ៏ប្រពៃថ្លៃថ្លាជាប្រវត្តិសាស្រ្ត នៃព្រះអង្គទាំងទ្វេ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត» ។
ស្ថិតក្នុងឱកាសនោះដែរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ស្តេចសព្វព្រះរាជហឫទ័យប្រោសប្រទាន នូវសាប៊ូដុំចំនួន ៣០កេស (ស្មើនឹង ២,១៦០ដុំ) ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនដល់ប្រជារាស្ត្រ ងាយរងគ្រោះបំផុត នៅក្នុងស្ថានភាពជំងឺកូវីដ-១៩នេះផងដែរ ៕