វិស័យទេសចរណ៍ និងអាកាសចរណ៍ ទទួលបានការអនុគ្រោះពន្ធ ពីរាជរដ្ឋាភិបាល ២ខែទៀត

0

ភ្នំពេញ៖ ដោយយល់អំពីទុក្ខលំបាក និងក្នុងគោលដៅធានាលំនឹង សេដ្ឋកិច្ចសង្គម ឲ្យឆ្លងផុតពីវិបត្តនៃជំងឺកូវីដ១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី២៦ ឧសភានេះ បានឲ្យដឹងថា វិធានការជួយរក្សា លំនឹងអាជីវកម្ម និងជីវភាពកម្មករ-និយោជិត មានដូចខាងក្រោម៖

១.វិធានការបន្តជួយវិស័យទេសចរណ៍៖

-បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្ត កំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០។

-បន្តអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលព្យួរអាជីវកម្ម លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២១។

២.វិធានការជួយវិស័យអាកាសចរណ៍ គឺលើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល ២ខែបន្តទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ។

សូមអានសេចក្ដីប្រកាសលម្អិត ដូចខាងក្រោម៖