ភ្នំពេញ៖ មនុស្ស៥នាក់ បានបរិភោគត្រីកំពតជុំគ្នា បណ្ដាលឲ្យពុលស្លាប់២នាក់ និងកំពុងសង្គ្រោះបន្ទាន់៣នាក់ ខណៈសត្វឆ្កែនិងមាន់ ក៏ពុលអាចម៍ត្រីកំពតនេះស្លាប់ដែរ។
ករណីបុរសពីរនាក់ស្លាប់ កាល ពីថ្ងៃទី២៥ឧសភា នៅម៉ោង៦ល្ងាច នៅក្នុងភូមិមួយ នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានដំណេីររឿងនិងមាន
១)-ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
២)-ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមកស្នាក់នៅធ្វេីការ ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ក្នុងហេតុការណ៍ខាងលេី មានមនុស្ស៥នាក់ បានហូបត្រីកំពតជាមួយគ្នា ប៉ុន្ដែអកុសល ២នាក់បានពុល ជួយសង្រ្គោះមិនបានស្លាប់តែម្ដង ចំណែក៣នាក់ទៀតត្រូវបានជួយសង្រ្គោះ ទាន់ពេល វេលា។
ជនរងគ្រោះបានរៀបរាប់ ឲ្យដឹងថាដំបូងឡេីយ ពួកគាត់បាននាំគ្នាយកត្រី ដែលអូសបានយកមកធ្វេីម្ហូប ដូចសព្វមួយដង មិនដឹងថាត្រីកំពត មានឥទ្ធិពលមហិទ្ធិឫទ្ធិ ក្លាំងក្លាអស្ចារ្យ អាចប្រហារជីវិតមនុស្ស បាននោះទេ គ្រាន់តែអាចម៍ត្រីកំពត ដែលធ្វើបោះចោលទៅលេីដី ត្រូវសត្វមាន់និងឆ្កែ សុី ក៏ត្រូវពុលស្លាប់ដែរ (មាន់៧ក្បាល ,ឆ្កែ ១ក្បាល) ។
ជនរងគ្រោះ ដែលបានសង្រ្គោះទាន់ពេលវេលា ១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ២.ឈ្មោះ វណ្ណ ស្រី ពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ៣. ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមមេត្ដាប្រុងប្រយ័ត្នបំផុត ចំពោះអាហារ ប្រចាំថៃ្ង ពិសេសករណីត្រីកំពតនេះ គឺមានមនុស្សពុលស្លាប់ មិនតិចនាក់ទេកន្លងមក អ្នកខ្លះបានរស់រាន មានជីវិតដោយសារតែ ការជួយសង្រ្គោះ បានទាន់ពេលតែប៉ុណ្ណោះ ៕