ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី២៦ ឧសភានេះ បានដាក់បទបញ្ជាឲ្យ ស្នងការនគរបាលគ្រប់ខេត្ត ដោះបារ៉ាស់ស្ទាក់ចាប់ឡាន និងម៉ូតូចេញឲ្យអស់ នៅព្រឹកនេះ និងបញ្ឈប់ជាបន្ទាន់នូវការហៅ អ្នកបើកបរ មកត្រួតពិនិត្យ ទាំងដែលមិនល្មើសច្បាប់ បើមិនអនុវត្តតាមនឹង ទទួលវិន័យតាមផ្លូវច្បាប់។
តាមរយៈសារសំឡេង បែកធ្លាយនៅព្រឹកនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាយ៉ាង ដាច់ណាត់ថា”ស្នងការរាជធានី ខេត្តនិយាយគ្នាឡើងវិញ ចុងក្រោយ៖ ទី១.ឈប់ដាក់បារ៉ាស់តាម ផ្លូវចេះហៅឡានយ៉ាងម៉េច ការពារខ្លួនឯងទៅ ទី២.បាននិយាយច្បាស់ជាមួយគ្នាហើយថាទាល់តែល្មើសបានយើងហៅគេមិនមែនហៅគេពិនិត្យទេ។ ឥឡូវបងប្អូនរាយការណ៍ មកតាមផ្លូវឲ្យមើលឡើងវិញ ពិសេសកំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី ឡានគេអត់មានល្មើស ក៏ហៅគេដែរ ហៅគេចូលច្រកប៉ារាស់សិន មើលសិនបានឲ្យគេទៅ។ឥឡូវហ្នឹងម៉ោងហ្នឹង ព្រឹកហ្នឹង ដោះប៉ារាស់ឲ្យអស់ គ្រប់ផ្លូវជាតិគ្រប់ខេត្ត ស្នងការលោកឯងដើរមើល លោកណាមានទៀតទទួលខុសត្រូវផ្លូវច្បាប់”។
សូមរំលឹកថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០មកកងកម្លាំង នគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបានអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួល អនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានដំឡើង កម្រិតទឹកប្រាក់ ពិន័យក្នុងចំនួនពី ៣ទៅ៥ ដង ៕