កម្ពុជា កំពុងតតាំងជាមួយវៀតណាម ករណីបោះបង់ និងដាក់ទាហាននៅតំបន់ស ខណៈមិនទាន់រើចេញអស់

0

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ា ទៅកាន់ភាគីវៀតណាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពានលើខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា (តំបន់ស) ស្របពេលរហូតមកដល់ពេលនេះ វៀតណាមមិនទាន់បានរុះរើតង់ ដែលបោះនៅតំបន់ស ចេញវិញនៅឡើយទេ ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យនៅតាមបន្ទាត់ព្រំដែន ក៏បានរកឃើញថា ខាងភាគីវៀតណាម បោះតង់ចំនួន ៩កន្លែង នៅក្នុងតំបន់មិនទាន់ឯកភាពគ្នា ។

លោកបន្ថែមថា ខ្លឹមសារនៃកំណត់ទូតហ្នឹង បានបញ្ជាក់ថា វត្តមានរបស់យោធាវៀតណាម នៅតាមបណ្ដោយ ព្រំដែនមិនទាន់បានឯកភាពគ្នា គឺបាន រំលោភចំណុចទី៨ នៃសេចក្ដីប្រកាសរួម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និងកថាខណ្ឌទី៥ ប្រការ៣ នៃសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ក៏ដូចជារំលោភកិច្ចព្រមព្រៀង ព្រំដែននានា ដែលបានបញ្ចប់ការចរចា ដោយភាគីកម្ពុជា និងវៀតណាម ។

លោកបញ្ជាក់ថា «ក្នុងកំណត់ទូតយើងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងអស់ និងដកកម្លាំងចេញពីតំបន់ខាងលើ គឺតំបន់ដែលមិនទាន់បាន កំណត់ព្រំដែនច្បាស់លាស់ ហើយនិងបញ្ឈប់នូវ រាល់សកម្មភាពនានាជាបន្ទាន់ និងរក្សាបរិស្ថានភូមិសាស្ត្រ នៅក្នុងតំបន់ទាំងអស់នោះ ឲ្យនៅដូចសភាពដើម រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ កំណត់ច្បាស់លាស់នូវ ខ្សែបន្ទាត់ព្រំដែនក្នុងតំបន់ទាំងនោះ» ។

លោកគូសបញ្ជាក់ថា យើងក៏បានស្នើ ឱ្យភាគីវៀតណាមធានាថា សកម្មភាពបែបនេះ នឹងមិនកើតឡើងជាដាច់ខាតនៅក្នុងពេលអនាគត ។

លោកថ្លែងថា បើតាមរបាយការណ៍ គឺភាគីវៀតណាម បានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ដែលជាប់ព្រំដែនជាមួយ ស្រុកលើ កដែក/ ស្រុក កោះធំ ក្នុងខេត្តកណ្ដាល និងខេត្តអានយ៉ាង របស់វៀតណាម ។ កន្លងមកនេះភាគីវៀតណាម បានរុះរើតង់ចេញវិញតែ ៣កន្លែងទេ ហើយនៅ សស់ ២៨កន្លែងទៀត មិនទាន់រុះរើចេញ ៕