មេបញ្ជាការ​ កងពល​តូច​លេខ​៧០ ព្រមានចាត់វិធានការតាមច្បាប់ ចំពោះពលទាហាន ដែលជួញដូរអាវុធ និងលួចប្រើប្រាស់គ្រឿងញៀន

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ បានចេញសារព្រមាន ចាត់វិធានការតាមច្បាប់ ចំពោះពលទាហានណា ដែលរកឃើញថា មានការជួញដូរអាវុធនិងលួចប្រើប្រាស់គ្រឿងញៀន។នេះបើយោងតាមហ្វេសប៊ុក កងពលតូចលេខ៧០។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការការពារជំងឺកូវីដ១៩ ការប្រើប្រាស់អាវុធ និងបញ្ហាគ្រឿងញៀន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានមានប្សាសន៍ថា បើទោះបីកម្ពុជាព្យាបាលអ្នកកើតកូវីដ ១៩ ជាសះស្បើយក៏ពិតមែន ប៉ុន្ដែមិនអាចបណ្ដែតបណ្ដោយឬធ្វេសប្រហែសបាននោះទេ ពោលត្រូវរក្សាគោលការណ៍អនាម័យ តាមអ្វីដែលក្រសួង សុខាភិបាលបានណែនាំ។

ជាមួយគ្នានេះ លោកមេបញ្ជាការ ក៏បានណែនាំន្ថែមអំពី វិន័យកងទ័ព និងបានលើកឡើងថា អាវុធគ្រប់ប្រភេទត្រូវរក្សាទុកក្នុងឃ្លាំងអោយបានល្អបើយកចេញបានលើក លែងតែការហ្វឹកហ្វឺន ចេញបេសកកម្មការពារគោលដៅ តាមបទបញ្ជារបស់អគ្គបញ្ជាការនិងបញ្ជាការដ្ឋានកងទ័ព ជើងគោក ហើយពាក់ព័ន្ធការ ប្រើប្រាស់អាវុធ ដោយគ្មានការចាត់តាំងនោះ គឺសុទ្ធតែ មានទោស។

លោកក៏បានណែនាំ ដល់នាយទាហាន និងពលទាហានទាំងអស់ អនុវត្តន៍នូវវិន័យកងទ័ព ជៀសវាងការជួញដូរអាវុធ ព្រោះនេះជាបទ ល្មើសខុសច្បាប់។

លោក មេបញ្ជាការ ម៉ៅ សុផាន់ បានបន្តទៀតថា នាយ និងពលទាហាន នៅក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០ ហាមមិនអោយមានការប្រើ ប្រាស់គ្រឿងញៀនទេ ប្រសិន បើមានករណីនេះកើតឡើង ត្រូវចាត់វិធានការតាមច្បាប់ និងវិន័យកងទ័ព៕