ភ្នំពេញ៖ ស្របពេលដែល ពីភពលោកក៏ដូចជាកម្ពុជា កំពុងតែទទួលរងការគំរាមកំហែង ពីជំងឺកូវីដ១៩នោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តអំពាវនាវដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យបានល្អ ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ។
សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ឧសភានេះថា «ស្ថានភាពនៃការគំរាមកំហែងពីមេរោគ COVID-19 គឺនៅមានកំរិតខ្ពស់នៅឡើយ។ ជាក់ស្ដែង អត្រាចម្លងថ្មី និងមរណភាព មានចំនួនកើនឡើងជាលំដាប់ នៅតាមបណ្តាប្រទេសនានា។ ដូចនេះសូមក្មួយៗកងទ័ព និងបងប្អូនប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសឱ្យសោះ ត្រូវថែទាំសុខភាពឱ្យបានល្អ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ដើម្បីការពារការចម្លង មេរោគ COVID-19» ៕