ភ្នំពេញ៖ មន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ បានរកឃើញពលករខ្មែរ ត្រឡប់មកពីធ្វើការ នៅប្រទេសថៃ វិញម្នាក់ ក្នុងចំណោម៥៧នាក់ មានអាការក្ដៅខ្លួនខ្លាំង។
តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកខៀវ កាញារីទ្ធ បានឲ្យដឹងថានៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ មន្ទីរសុខាភិបាល បានចុះពិនិត្យស្រាវជ្រាវ ជំងឺកូវីដ១៩ លើពលករមកពីថៃ តាមច្រកព្រំដែនទាំង២ បានចំនួួន ៥៧ នាក់ ស្រី ២៧ នាក់ ។ មានពលកររស់ក្នុង ខេត្តឧត្តរមានជ័យ ចំនួន ៧នាក់ ស្រី ៤នាក់ មានក្តៅខ្លួនចំនួន ១នាក់(ស្រី) បានបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យ និងព្យាបាល ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន១២២នាក់ ខណ:ព្យាបាលបានជាសះស្បើយ កើនដល់១២១នាក់ ដោយឡែក នៅសល់អ្នកជំងឺតែម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល ៕