ភ្នំពេញ៖ បុរសម្នាក់ដែលបានបាញ់សម្លាប់ សត្វកេងកេង ដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយ ចំពោះមុខសមត្ថកិច្ចនៃ ក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានដែល បានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែលបានសារភាពថា ខ្លួនពិតជាបាន បាញ់សម្លាប់សត្វកេងកងធំ មួយក្បាលនោះអំឡុងពេលខ្លួន ទៅកម្សាន្តនៅរមណីយដ្ឋាន ទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។
បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរនៅក្នុងលិខិត សុំអភ័យទោសចំពោះសាធារណជនថា «សូមទទួលស្គាល់ការពិតដែលបាញ់សម្លាប់ សត្វកេងកងចំនួនមួយក្បាល ស្ថិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ ៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសូមទោសប្រជាពលរដ្ឋកម្ពុជាទាំង អស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជា ពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់សត្វកេងកងនោះ មក
ក្រសួងបរិស្ថាន»។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បុរសម្នាក់នេះបាន ទទួលស្គាល់កំហុសរបស់ខ្លួន និងស្នើសុំការសណ្តោសប្រណីពី សាធារណជនដែលខ្លួនបាន ជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។
លោកបានថ្លែងថា តាមរយៈការទទួលទោសកំហុសនេះ គឺក្រសួងបរិស្ថាន ទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ ការប្រព្រឹត្តនេះជារៀងរហូត។ លោកបានថ្លែងទៀតថា នេះគឺជាគំរូ អាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវជៀសវាង។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានធម្មជាតិនានាសូមកុំ ប្រព្រឹត្តបទល្មើសបរបាញសត្វ និងកុំបរិភោគសាច់សាច់ព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃ ឱ្យបានគង់វង្សសម្រាប់បម្រើដល់ ទេសចរណ៍ធម្មជាតិនិងការពារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សត្វកេងកេងគឺជាប្រភេទសត្វកម្រ ជិតផុតពូជហើយបច្ចុប្បន្ននេះ គេឃើញមានវត្តមាននៅក្នុង តំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំ ក្រវាញ តំបន់ភាគខាងកើតនៃ ប្រទេសកម្ពុជាជាដើម ៕