ក្រុមហ៊ុនកូនខ្មែរមួយ កំពុងសិក្សាគម្រោងស្ដារ ព្រលានយន្ដហោះបែកចាន

0

ភ្នំពេញ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យភាគីពាក់ព័ន្ធ រៀបចំគម្រោងពង្រីក ព្រលានយន្តហោះបែកចាន ក្នុងខេត្តបាត់ដំបងឡើងវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុកនោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា មកដល់ពេលនេះ ក្រុងការងារខេត្ត បាននិងកំពុងសិក្សា ជាមួយក្រុមហ៊ុនខ្មែរមួយ លើគម្រោងមួយនេះ ដើម្បីកំណត់ច្បាស់ថា ព្រលានយន្ដហោះនេះ ត្រូវការរៀបចំអ្វីបន្ថែមទៀត ដើម្បីអាចមានសមត្ថភាព ក្នុងការហោះហើរបាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាល ខេត្តបាត់ដំបង» នៅថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២០នេះលោក ងួន រតនៈបានលើកឡើងថា ក្រោយទទួលបានការណែនាំ ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ កំពុងសិក្សារួមគ្នា លើគម្រោងស្ដារឡើង វិញនូវព្រលាន្ដហោះនេះ ។

លោកបញ្ជាក់ថា « រហូតមកដល់ពេលនេះ ក្រុមហ៊ុនឯកជន ដែលជាក្រុមហ៊ុន របស់កូនខ្មែរ កំពុងសិក្សាលើគម្រោងមួយនេះ ដើម្បីកំណត់ច្បាស់ថា ព្រលានយន្ដហោះនេះត្រូវការរៀបចំអ្វីបន្ថែមទៀត ដើម្បីអាចមានសមត្ថភាព ក្នុងការហោះហើរ ខណៈព្រលានយន្ដហោះមួយនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់តាំងពី ឆ្នាំ១៩៦៨មកម្ល៉េះ ដែលអាចឲ្យយន្ដហោះចុះចត ឬហោះហើរ ត្រឹមធុនតូចប៉ុណ្ណោះ”។

ជាមួយគ្នានេះផងដែរ លោកក៏បានអះអាងទៀតថា ការសិក្សាស្ដារឡើងវិញ នូវព្រលានយន្ដនេះទៀតសោត នឹងធ្វើយ៉ាងណា ដើម្បីអាចមានលទ្ធភាព បម្រើឲ្យទីផ្សារនាពេលបច្ចុប្បន្ន។ លោកបន្តថា ក្រុមការងារសិក្សាលើបញ្ហានេះ គឺដឹកនាំដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោយមានការចង្អុលបង្ហាញពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោកបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តក៏បានបែងចែក ក្រុមសិក្សាមួយទៀត ជាមួយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៉ីវិលដើម្បីវាយតម្លៃអំពីផលប៉ះពាល់ដែលនៅទីនោះនាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋជាមន្ដ្រីរាជការ កំពុងមានទីលំនៅរស់នៅ ទីនោះផងដែរ ដែលការងារនេះក្រុមការងារ កំពុងសិក្សារួមគ្នា។

ជាមួយគ្នានោះលោកក៏បានវាយតម្លៃថា នៅពេលព្រលានយន្ដហោះចំណាស់មួយនេះ ត្រូវបានស្ដារឡើងវិញ ខេត្តបាត់ដំបងនឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនបន្ថែមដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

សូមរំលឹកថា ក្នុងពិធីបុណ្យទន្លេលើកទី៦ នៅ ខេត្តបាត់ដំបង នៅល្ងាចថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាឲ្យភាគីពាក់ព័ន្ធខិតខំថែរក្សា និងរៀបចំគម្រោងពង្រីក ព្រលានយន្តហោះបែកចាន ក្នុងខេត្តបាត់ដំបង ឡើងវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំ ឲ្យពង្រីកនិងពន្លឿន ការតភ្ជាប់ផ្លូវពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប ដោយផ្ទាល់នៅឆ្នាំ២០២១ ខាងមុខនេះផងដែរ ៕