ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាត ឲ្យក្រុមហ៊ុននាំចេញ អង្ករ អាចនាំចេញជាបណ្តើរៗ ឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដាក់ចេញបទបញ្ជាឲ្យ ផ្អាកនូវការនាំចេញអង្ករស និងស្រូវ ចាប់អនុវត្តន៍ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវ សន្តិសុខស្បៀង របស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩។
យោងតាមលិខិតរបស់ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១៣ ខែឧសភានេះបានបញ្ជាក់ថា «ខ្ញុំសូមជម្រាបលោកឧកញ៉ា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជ្រាបថា តាមសំណើររបស់ សហព័ន្ធស្រូវអង្ករកម្ពុជា រាជរដ្ឋាភិបាល សម្រេចផ្តល់ការអនុញ្ញាតឲ្យ ធ្វើការនាំចេញអង្ករស ជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យា បញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ»៕