អាកាសយានដ្ឋាន អន្តរជាតិសៀមរាប អង្គរថ្មី (AIAI) នឹងបញ្ចប់ការសាងសង់ នៅឆ្នាំ ២០២៣

0

ភ្នំពេញ៖ នាយឧត្តម សេនីយ៍ម៉ៅ ហាវណ្ណាល់ ប្រធានអាកាសចរសុីវិល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០បានឱ្យ លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប អង្គរថ្មី (AIAI) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនាយឧត្តម សេនីយ៍ម៉ៅ ហាវណ្ណាល់បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការជិតស្និតរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិន ដោយប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយ ប្រទេសចិនតែមួយ និងជាពិសេស បើទោះបី ក្នុងពេលប្រទេសចិនកំពុងមានជម្ងឺ COVID19 ក្តី រដ្ឋាភិបាលប្រទេសចិនបានទទួលនូវការធ្វើទស្សកិច្ចផ្លូវការ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាការបញ្ជាក់នូវចំណងមិត្តភាពពិសេស ” ស្គាល់មិត្តល្អ ក្នងគ្រាលំបាក “។ ជាពិសេស លោកបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល លោកតែងតែគាំទ្រ យ៉ាងពេញទំហឹង និងជំរុញដំណើរសារសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបថ្មី ទៅតាមផែនការ ដែលបានកំណត់ ។

លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បានរាយការណ៏អំពីវឌ្ឍនភាពការងារថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការ សាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។
ចំពោះដំណើរការ សាងសង់ក្រុមហ៊ុន បានសហការយ៉ាងជិតស្និត ជាមួយក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹង ការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។
នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បានជំរុញ និងឯកភាពឱ្យ ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ (AIAI) និងក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រួតពិនិត្យការងារ បញ្ហាប្រឈម រកដំណោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី ២៥ ប្រចាំខែ ដើម្បី ពិនិត្យ លើ វឌ្ឍនភាពការងារបច្ចេកទេស និងការសាងសង់ អាកាសយានដ្ឋាន ៕