ភ្នំពេញ៖ សមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាសឆ្នាំ២០២០» ដែលគ្រោងធ្វើឡើងកាលពីចុងខែមេសា កន្លទៅ ត្រូវបានខកខានដោយ សារការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដើម្បីជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដនេះ ។
សមយុទ្ធហនុមានមាស២០២០ មានគម្រោងធ្វើកាលពីចុងខែមេសា ឆ្នាំ២០២០កន្លងទៅ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត ដែលមានគម្រោងប្រើប្រាស់សព្វាវុធធន់ ធ្ងន់ និងស្រាលជាច្រើនដូចឆ្នាំ កន្លងទៅយ៉ាងដូច្នេះដែរ ប៉ុន្តែត្រូវបានអាក់ខានវិញ ដោយសារតែបញ្ហាកូវីដ១៩។
ឧត្តមសេនីយ៍ទោ មាស ផល្លា អ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពជើងគោក បានថ្លែងឲ្យដឹងនៅថ្ងៃទី៥ ឧសភានេះថា ក្រសួងការពារជាតិកម្ពុជា ត្រូវលុបចោលគម្រោងសមយុទ្ធ និងលំហាត់ហ្វឹកហ្វឺនជាច្រើន ដូចជាសមយុទ្ធឆ្លាមសមយុទ្ធ ដែលមានគម្រោងធ្វើនៅកោះតាគៀវ ខេត្តព្រះសីហនុ ក្រោមវិធានបទសង្គ្រោះគ្រោះ មហន្តរាយលើផ្ទៃសមយុទ្ធ និងទប់ស្កាត់ចោរសមុទ្រនៅតាមលំហរសមុទ្រ និងសមយុទ្ធជាច្រើនទៀត នៅតាមយោធភូមិភាគ ដោយសារតែបញ្ហាមេរោគកូវីដ១៩ និងអនុវត្តទៅតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយការចំណាយនានា នៅតាមក្រសួង និងស្ថាប័នផ្សេងៗជាដើមនោះ ៕