ភ្នំពេញ៖ ប្រតិកម្មទៅនឹងមនុស្សមួយចំនួនតូច ដែលបានលើកឡើងជាការជេរដៀល ជាតិសាសន៍ខ្មែរខ្លួនឯង ដោយសារការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើង នៅក្នុងច្បាប់ចរាចរណ៍ បានចែងតាំងពីឆ្នាំ២០១៥ មករួចហើយ អំពីការអនុញ្ញាតឱ្យ ប្រើប្រាស់ភ្លើងពេលថ្ងៃ។ កុំចោទថាកម្ពុជា ដើរមិនទាន់គេ។
លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះថា «មេត្តាសូមកុំប្រើពាក្យ “វាឆ្កួតតែស្រុកខ្មែរ” ស្រុកខ្មែរសំដៅប្រទេសខ្មែរ ប្រទេសកម្ពុជា ទឹកដីផ្តល់កំណើតដល់កូនខ្មែរ ជនជាតិខ្មែរ ទឹកដីផ្តល់កំណើត ដល់បងប្រុស ផ្តល់កំណើត ដល់បុព្វការីជន ដល់ឪពុកម្តាយ របស់បងប្រុស។ កុំមើលងាយទីកន្លែង ដែលផ្តល់កំណើត ផ្តល់អ្វីៗឲ្យយើង មើលងាយទីកន្លែងកំណើតខ្លួនឯង គឺដូចជាមើលងាយខ្លួនឯង មើលងាយក្រុមគ្រួសារខ្លួនឯង។»
លោករដ្ឋមន្រ្តីប្ថែមថា ក្នុងនាមជាកូនខ្មែរ គួរតែព្យាយាម និងធ្វើ ឬគិតយ៉ាងណា ធ្វើឲ្យប្រទេសខ្មែរ ជាតិខ្មែរ រីកចម្រើន រិះគន់ដើម្បីស្ថាបនា ជាជាងរិះគន់ដើម្បីជាន់ពន្លិច!
លោករដ្ឋមន្រ្តីគួសបញ្ជាក់ថា កុំសួរថា តើប្រទេសជាតិ បានធ្វើអ្វីខ្លះចំពោះអ្នក តែត្រូវសួរខ្លួនឯងវិញថា តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីប្រទេសជាតិរបស់ខ្លួន ឲ្យបានរីកចម្រើន ដូចប្រទេសគេ ។
សូមរំលឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០តទៅ ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឲ្យប្រជាពល រដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ផងដែរ។សមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសមានចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅផងដែរ៕