ភ្នំពេញ៖ បញ្ហាការបាត់បង់ការងារធ្វើ កំពុងធ្វើឲ្យពិភពលោក រួមទាំងកម្ពុជាប្រឈមមុខយ៉ាងខ្លាំង ដោយសារការផ្អាកការបញ្ជាទិញ ពីបណ្ដាប្រទេស ក្នុងសហភាពអឺរ៉ុប ដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ គិតមកដល់ពេលនេះ កម្មករជិត ២០ម៉ឺននាក់ កំពុងប្រឈមនឹងបាត់បង់ការងារធ្វើ ដោយសាររោងចក្រជាង ២០០ ឈានទៅរកការព្យួរការងារ បណ្ដោះអាសន្ន នៅកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមន៍កាត់ដេរកម្ពុជា (GMAC) ចុះនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះបានឲ្យដឹងថា «គិតត្រឹមពេលនេះ រោងចក្រចំនួន១៨០ បានព្យួរប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន ៦០បន្ថែមទៀត នឹងឈានទៅរកការព្យួរការងារផងដែរ ដែលកំពុងប៉ះពាល់ដល់កម្មករជាង ១៥០,០០០នាក់ ដែលត្រូវបានព្យួរការងារបណ្ដោះអាសន្ន រហូតដល់ពេលនេះ ដោយមិនដឹងច្បាស់លាស់ថា នឹងបន្តការងារវិញនៅពេលណា ហើយកម្មករជិត ២០០,០០០នាក់ នឹងត្រូវព្យួរការងារនាពេលខាងមុខឆាប់ៗនេះ ដែលនឹងប៉ះពាល់ មិនត្រឹមតែកម្មករនោះទេ ប៉ុន្តែថែមទាំងសមាជិកគ្រួសារប្រមាណ ២លាននាក់ដែលពឹងផ្អែកលើពួកគេ» ។
ជាមួយគ្នានោះផងសែរ សមាគមន៍កាត់ដេរកម្ពុជា អំពាវនាវទៅកាន់អ្នកបញ្ជាទិញទាំងអស់ មេត្តាគោរពតាមលក្ខណៈ ទូទាត់ប្រាក់សម្រាប់ទំនិញ ដែលបានទទូលរួចហើយ ឬកំពុងដឹកទៅឲ្យអ្នកបញ្ជាទិញ។
សមាគមន៍កាត់ដេរកម្ពុជា បានឲ្យដឹងទៀតថា រោងចក្រនៅកម្ពុជាកំពុងរងគ្រោះរួចមកហើយ ពីការលុបចោលការបញ្ជាទិញជាច្រើន និងការគ្មានបញ្ជាទិញថ្មីៗ ហើយមិនអាចទ្រាំទ្រនឹងការ មិនទូទាត់ប្រាក់នោះទេ ៕