ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសព្រមានចាត់វិធានការចំពោះ ក្រុមហ៊ុនសាងសង់ ផ្លូវជាតិលេខ២ និងលេខ២២ ប្រសិនបើក្រុមហ៊ុនដោះស្រាយ បញ្ហាការសាងសង់យឺតយ៉ាវ គ្មានលក្ខណៈបច្ចេកទេសមិនបាន ។
ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋាន រង្វង់មូលអ្នកលឿង ផ្លូវក្រវាត់ក្រុងព្រៃវែង រង្វង់មូលស្វាយអន្ទរ និងទីប្រជុំជនស្រុកអូរាំងឪ នាថ្ងៃទី៤ ឧសភា នេះ លោក ស៊ុន ចាន់ថុល បានទទួលស្គាល់ពីភាពយឺតយ៉ាវ របស់ក្រុមហ៊ុន ដែលផ្លូវជាតិលេខ២ និងលេខ២២ ។ លោកសង្ឃឹមថា ក្រុមហ៊ុននឹងយកគ្រឿងចក្រ មកជួសជុលឲ្យបានទាន់ពេលវេលា ដោយសារ គ្រឿងចក្ររបស់ក្រុមហ៊ុនមួយចំនួន មានការកកស្ទះនៅវៀតណាម ព្រោះបញ្ហាការរីករាលដាល នៃជំងឺកូវីដ១៩ ។
លោកទេសរដ្ឋមន្ត្រី បន្តថា គ្រប់ការដ្ឋានសាងសង់ផ្លូវទាំងអស់ នៅក្នុងប្រទេសកម្ពុជា ពុំមានភាពយឺតយ៉ាវនោះទេ លើកលែងតែក្រុមហ៊ុន សាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប៉ុណ្ណោះដែលការយឺតយ៉ាវ ។
លោកបន្ដថា «ស្អែកនេះលិខិតទៅដល់ក្រុមហ៊ុនហានជិន លិខិតព្រមានជាផ្លូវការពីខ្ញុំ ដែលកសាងផ្លូវជាតិលេខ២ និងលេខ២២ ។ ស្អែកចេញ លាយលក្ខណ៍អក្សរ ទុកពេលវេលាប៉ុន្មាន ក្នុងការដោះស្រាយបញ្ហាហ្នឹង បើដោះស្រាយមិនបានទេ នឹងមានបញ្ហាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន» ។
លោកបន្ថែមថា កន្លងមកមានបញ្ហាពលរដ្ឋ មួយចំនួនយកចំណីផ្លូវដែលជាសម្បត្តិធ្វើផ្ទះ ឬអាជីវកម្មផ្សេង ដែលធ្វើឲ្យតម្លៃសងទៅពលរដ្ឋ ថ្លៃជាង តម្លៃសាងសង់ផ្លូវទៅទៀត ។
លោករដ្ឋមន្ត្រី ក៏បានផ្ដាំទៅក្រុមហ៊ុន សាងសង់ទាំងអស់ ឲ្យសាងសង់ផ្លូវឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ប្រសិនបើក្រុមការងារក្រសួងចុះ ទៅពិនិត្យឃើញថាគ្មានគុណភាពនោះ ក្រុមហ៊ុននឹងទទួលពិន័យ ឬដាក់ឈ្មោះក្រុមហ៊ុននោះ ក្នុងបញ្ចីខ្មៅ មិនឲ្យចូលរួមដេញថ្លៃតទៅទៀតតែម្ដង ៕