ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសត្វក្របីមេមួយក្បាលផ្អើលជាន់ ជញ្ជ្រាំជើង លើខ្លួនបណ្ដាលឲ្យ ដាច់ខ្យល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។
យោងតាមស្នងការដ្ឋានខេត្តកណ្ដាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បួន ថុល ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ឡឥដ្ឋស្នាក់នៅឡឥដ្ឋ ថានសុទ្រី ភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
បើតាមការឲ្យដឹងពីចៅ របស់ជនរងគ្រោះ បានបញ្ជាក់ថា នៅវេលម៉ោង ៩.០០នាទីព្រឹក ជនរងគ្រោះនិងក្រុមគ្រួសារបានឈប់សម្រាក ពីការងារហើយនាំគ្នា មកផ្ទះដើម្បីហូបបាយ ក្រោយពីហូបបាយ រួចជនរងគ្រោះក៏បានទៅមើលមង ដោយមានពោងនិងចានដែក យកទៅជាមួយ ពេលទៅដល់កន្លែងកើតហេតុ ជនរងគ្រោះឃើញក្របីមេ១ក្បាល កំពុងជាប់ផុង នៅមាត់ព្រែក ក្នុងកំប្លោកលើមងរបស់ខ្លួន ពេលនោះជនរងគ្រោះ ក៏ចាប់ទាញខ្សែកន្លុះ (ក្នុងគោលបំណងទាញក្របីឡើងគោក) ស្រាប់តែរអិលជើង ធ្លាក់ចូលក្រោមជើងក្របី បណ្ដាលឱ្យក្របីផ្អើលជញ្ជ្រាំជើង លើខ្លួនជនរងគ្រោះបណ្ដាលឲ្យ ដាច់ខ្យល់ ស្លាប់តែម្ដង ។
ក្រោយទទួលបាន ព័ត៌មានប៉ុស្តិ៍និងជំនាញ បានសហការជាមួយអាជ្ញាធរនិងពេទ្យឃុំ ចុះមកដល់កន្លែងកើត
ហេតុនិងផ្ទះ របស់ជនរងគ្រោះ ធ្វើការពិនិត្យសព ឃើញថា នៅលើខ្លួនសពជនរងគ្រោះ មានរលាត់ស្បែកនៅលើទ្រូងខាងឆ្វេង ១ចំហៀង ស្នាមរលាត់ស្បែក លើដៃខាងឆ្វេងនិងស្នាមរលាត់ស្បែក នៅលើភ្លៅខាងឆ្វេង ក្រៅពីនោះមិនមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ។
ក្រោមការ វាយតម្លៃរបស់គ្រូពេទ្យ បានបញ្ជាក់ថា សពជនរងគ្រោះពិតជា ស្លាប់ដោយសារសត្វក្របីជញ្ជ្រាំជើង ទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ ពិតប្រាកដមែន ៕