ភ្នំពេញ៖ ការនេសាទត្រី តាមបែបបង់សំណាញ់ ជាវប្បធម៍ដ៏ចំណាស់មួយ របស់ប្រជាពលរដ្ឋខ្មែរ នារដូវនេសាទ ក៏ដូចជាការបន្ថែមមុខរបរមួយបន្ថែមទៀត ក្រោយពីទំនេរពីធ្វើស្រែ ចំការ ប៉ុន្តែអ្វីដែលដឹងស្មានមិនដល់ និងហួសចិត្តផងដែរនោះ គឺជាការបង់ត្រីសោះ បែរជាជាប់ គ្រាប់បែកចង្កោមទៅវិញ។
យោងតាមហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០នេះ បានឲ្យដឹងថា មានប្រជាពលរដ្ឋ រស់នៅភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានបង់ត្រីដាក់មួយសំណាញ់ ទាញមកនឹកស្មានថា ជាប់ត្រីធំណាស់ មានស្អី បានចំម៉ែគ្រាប់បែកចង្កោម (មេគ្រាប់បែកចង្កោម = mother bomb of cluster munitions) ។
លោកបញជាក់ថា «ម៉ែគ្រាប់បែកចង្កោមនេះ មានផ្ទុកកូនគ្រាប់បែកចង្កោមប្រភេទCBU-46/A ចំនួន៤៤៤គ្រាប់ ហេីយមានទម្ងន់សរុបប្រមាណ ៣៤០គីឡូក្រាម។ »
លោកឲ្យដឹងទៀតថា កំលាំងជំនាញសុីម៉ាក់ បានទទួលការគាំទ្រ ពីកំលាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន នៅឃុំដំរីផុង ចាត់ការ ទាំងម៉ែនិងកូន (គ្រាប់បែក) ដោយសុវត្ថិភាព!៕