ភ្នំពេញ៖ ជាការចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានដឹកនាំក្រុមការងារក្រោមឱវាទ ចូលរួមចែកម៉ាស់ អាល់កុល ដល់តាស៊ីក្លូ អ្នករត់ម៉ូតូឌុប និងអ្នកសុំទានតាមដងផ្លូវ និងថែមទាំងនាំយកអំណោយមួយចំនួនជូនដល់ផ្ទះបាយកុមារ ដោយមានការចូលរួមពីលោក កឹមណៃ វិរៈខេមរា អភិបាលរងខណ្ឌបឹងកេងកង ។
គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វាមានរយៈពេលបីថ្ងៃទៅហើយ ដោយរាប់ចាប់តាំងពីថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ លោក ឧត្តមសេនីយ៍ឯក ឡាំង អូណា បានដឹកនាំក្រុមការងារចុះធ្វើសកម្មភាពសប្បុរសធម៌ នៅតាមទីសាធារណៈ និងផ្សព្វផ្សាយនូវព័ត៌មានស្តីអំពីអនាម័យបន្ថែមជូនដល់ អ្នកសុំទាន តាស៊ីក្លូ និងអ្នករត់ម៉ូតូឌុប អំឡុងពេលដែលកូវីដ១៩ កំពុងវាយលុកនៅក្នុងប្រទេសកម្ពុជា និង សកលលោក ។
ឧត្តមសេនីយ៍ឯក ឡាំង អូណា បានមានប្រសាសន៍ថា ក្រៅពីការកាត់ប្រាក់បៀវត្សមួយចំណែកជូនដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ខ្ញុំបាទ និងនាយទាហាននៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានរៃអង្គាសប្រាក់គ្នាបន្ថែមទៀត ទិញជាគ្រឿងឧបភោគបរិភោគជូនដល់ ផ្ទះបាយកុមារ និងទិញ អាល់កុល ម៉ាស់ និងគ្រឿងបរិភោគមួយចំនួន ជូនដល់តាស៊ីក្លូ អ្នករត់ម៉ូតូឌុប និងអ្នកសុំទានតាមដងផ្លូវ ។
លោកឧត្តមសេនីយ៍ឯក ឡាំង អូណា ថា «ថ្វីបើវាមិនមែនជាសង្គ្រាមប្រដាប់អាវុធ ត្រូវការកងកំលាំងចូលរួមលះបង់ តែយើងពេញចិត្តនឹងចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ដោយគោរពតាមបទបញ្ជារាជរដ្ឋាភិបាល » ។

លោកបានបន្តថា អង្ករសរុបដែលយកមកចែកជូនដល់ផ្ទះបាយកុមារ មានចំនួន ៤២០គីឡូក្រាម និង គ្រឿងបរិភោគ បូកជាមួយសម្ភារៈប្រយុទ្ធប្រឆាំងកូវីដ១៩ ចំនួន ៥០កញ្ចប់ ដោយក្នុង០១កញ្ចប់មាន ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ១ដប មី៥កញ្ចប់ ក្រមា១ សាប៊ូមួយដុំ អាល់កុល កន្លៈលីត្រមួយដប និង អាល់កុលដបតូចបាញ់លាងដៃចំនួន ១ ហើយក្នុងនោះមានកញ្ចប់ថវិកា មួយចំនួន។ ដោយឡែកពីរថ្ងៃកន្លងទៅគឺថ្ងៃទី១៣ និង ១៤ ខែមេសា យើងបានជូនតាស៊ីក្លូ អ្នករត់ម៉ូតូឌុប និងអ្នកសូមទានតាមដងផ្លូវ ដែលគាត់គ្មានលទ្ធភាពទិញ ដោយក្នុងមួយថ្ងៃ ចំនួន ៤០ កញ្ចប់ ។
លោក កឹមណៃ វិរៈខេមរា អភិបាលរងខណ្ឌបឹងកេងកង ក៏មានប្រសាសន៍ថា ដោយអំឡុងពេលនេះវាមានបញ្ហាជំងឺកូវីដ១៩ ហើយខាងផ្ទះបាយកុមារក៏ត្រូវការចាំបាច់ នូវអាហារជូនដល់ កុមារ ទើបខាងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានធ្វើជាកញ្ចប់សប្បុរសធម៌ជូនមក ហើយបង្កលក្ខណៈងាយស្រួលដល់ជូនដល់លោកពូង៉ូវ ឈីវ យកទៅចែកជូនបន្តនៅតាមសហគម ដើម្បីបញ្ចៀសការប្រមូលផ្តុំ នាំឲ្យមានបញ្ហា។

លោក ង៉ូវ ឈីវ ដែលជាអ្នកគ្រប់គ្រងមើលការខុសត្រូវ នៅផ្ទះបាយកុមារ បានលើកឡើងថា ក្នុងមួយថ្ងៃកុមារដែលមកទទួលសេវា មានចំនួន ពី ២៥០ ទៅ ៣០០នាក់ ដោយពួកគាត់មកហូបបាយ ហើយមិនត្រឹមតែហូបបាយទេ បើកង្វក់ឲ្យងូតទឹកសម្អាតខ្លួន សក់វែងកាត់ចេញ ហើយបើកង្វក់ពេកដូរខោអាវឲ្យ ។ ប៉ុន្តែក្រោយបញ្ហាកូវីដ១៩ មក យើងបានបិទទទួល ដោយធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយប្រើវិធីយកស្បៀងជូនពួកគាត់ដល់លំនៅដ្ឋាន ក្នុងសហគមដែលគាត់រស់នៅ ។
ទន្ទឹមនឹងនេះ លោកក៏សូមថ្លែងអំណរគុណដល់ ឧត្តមសេនីយ៍ឯក ឡាំង អូណា និងនាយទាហាន ដែលបានយកគ្រឿងឧបភោគបរិភោគ រួមទាំងអាល់កុល ម៉ាស់ ក្រមា ថវិកា ប្រយុទ្ធប្រឆាំងកូវីដ១៩ ។
លោកថា នៅផ្ទះបាយកុមារ គឺជាធនាគារស្បៀង ដោយស្បៀងភាគច្រើនបានមកពីសប្បុរសជនក្នុងស្រុកចែកជូន ចំនួន ៦០ភាគរយ និង ក្រៅស្រុកចំនួន ៣០ភាគរយ ។
បញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌ខាងលើនេះ ក៏បានចូលរួមចំណែកពីក្រុមបាល់ទាត់ហនុមាន នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ផងដែរ ៕































