Covid-19៖ ចិនផ្ដល់ជំនួយឥតសំណងជិត ៤លាន RMB ដល់កម្ពុជា

0

ភ្នំពេញ៖ ក្នុងនាមជាអ្នកជិតខាងល្អ និងបងប្អូនល្អដែលបរិភោគ ទឹកឡានឆាង-មេគង្គ រួមគ្នាតែមួយ ភាគីចិនតាមរយៈរដ្ឋាភិបាល ប្រជាជនតំបន់ស្វយ័តជនជាតិ ZHUANG នៃខេត្តក្វាងស៊ី ប្រទេសចិនបានផ្ដល់ ជំនួយឥតសំណង ជាសម្ភារៈ បរិក្ខារវេជ្ជសាស្ត្រប្រមាណ ៧តោន ដែលស្មើរនឹងជិត ៤លាន RMB (យន់) ដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (Covid-19) ។នេះបើយោង តាមស្ថានទូតចិន ប្រចាំកម្ពុជា។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅក្នុងពិធីប្រគល់-ទទួលសម្ភារបរិក្ខារវេជ្ជសាស្ត្រ សម្រាប់បម្រើ ឲ្យការការពារ នៃការរីករាលដាលជំងឺកូវីដ១៩ (Covid19) នៅថ្ងៃទី១០ មេសា ឆ្នាំ២០២០ បានមានប្រសាសន៍ថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា នាបច្ចុប្បន្ននេះ គឺស្ថិតក្នុងដំណាក់កាលដ៏ចាំបាច់ ហើយក្នុងនាមជាអ្នកជិតខាងល្អ និងបងប្អូនល្អដែលបរិភោគ ទឹកឡានឆាង-មេគង្គ រួមគ្នាតែមួយ ភាគីចិន មានអារម្មណ៍ដូចគ្នា ជាមួយនឹងភាគីកម្ពុជា។

លោកបញ្ជាក់ថា “តំបន់ស្វយ័តជនជាតិ ZHUANG នៃខេត្តក្វាងស៊ី ប្រទេសចិន មិនត្រឹមតែ ទទួលភារកិច្ចជាអ្នករៀបចំ បង្កើតក្រុមអ្នកជំនាញ វេជ្ជសាស្រ្ត ដែលជាក្រុមជំនួយ ជូនកម្ពុជា ដោយស្របតាម ការចាត់ចែង របស់រដ្ឋាភិបាលមជ្ឈិមបក្ស កុម្មុយនីស្តចិននោះទេ ហើយក៏បានផ្តល់ជំនួយជាម៉ាស, សម្លៀកបំពាក់ការពារ, ឧបករណ៍វាស់កម្ដៅ និងសម្ភារៈផ្សេងទៀតដែលមានតម្លៃសរុប ជិត៤លាន RMB(យន់) ជាពិសេសស ក្នុងនោះបរិក្ខារតេស្ត Nucleic Acid Auto បានចូលរួមជួយដល់ភាគីកម្ពុជា ក្នុងការបង្កើនអត្រាប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការតេស្ត Nucleic Acid ។”

លោកបន្តដថា ទាំងនេះបានបញ្ជាក់ឲ្យឃើញពី មនោសញ្ចេតនារបស់ប្រជាជន នៃតំបន់ស្វយ័តក្វាងស៊ី ប្រៀបដូចបងប្អូនជូន ចំពោះប្រជាជនកម្ពុជា ក៏បង្ហាញឲ្យឃើញពី សហគមន៍ជោគវាសនា រួមរវាងចិន និងកម្ពុជាផងដែរ។

ជាការឆ្លើយតបលោក ម៉ម ប៊ុនហេង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះភាគីចិន លោកមានប្រសាសន៍ថា តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន បានផ្តល់សម្ភារៈទប់ស្កាត់នឹងជំងឺកូវីដ១៩ ជាច្រើនដល់កម្ពុជា ហើយថែមទាំងបានចាត់បញ្ជូន ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន មកកាន់កម្ពុជាផងដែរ ក៏បានជួយលើកកម្ពស់សមត្ថភាព និងជំនឿចិត្តដល់កិច្ចប្រយុទ្ធប្រឆាំងនឹង ជំងឺវីរុសក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលនូវ វិធានការទប់ស្កាត់នឹងជំងឺ វីរុស ដោយផ្អែកលើយោបល់ របស់អ្នកជំនាញវេជ្ជសាស្រ្តចិន ហើយកម្ពុជានឹងប្រើសម្ភារៈ វេជ្ជសាស្រ្តទាំងនេះឲ្យល្អ ដើម្បីយកជម្នះឲ្យបានក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹង ជំងឺវីរុស ឲ្យបានជោគជ័យ ក្នុងពេលឆាប់ៗនេះ៕