Covid-19៖ លោក កឹម សុខា អំពាវនាវឲ្យពលរដ្ឋអត់ធ្មត់ ដោយរក្សាអនាម័យ និងការពារសុខភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល 

0

ភ្នំពេញ៖ លោក កឹម សុខា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ ដោយរក្សាអនាម័យ និងការពារសុខភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។

លោក កឹម សុខា បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់របស់លោកដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ថ្ងៃសុក្រទី១០ ខែមេសា ឆ្នាំ២០២០

សារជូនពរចូលឆ្នាំថ្មីៈ

ក្នុងឱកាសឆ្លងឆ្នាំចាស់(ឆ្នាំកុរ ព.ស.២៥៦៣) ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(ឆ្នាំជូត ព.ស.២៥៦៤)នេះ ខ្ញុំព្រះករុណា ខ្ញុំបាទ និងភរិយា សូមផ្ញើនូវសេចក្តីនឹករលឹក ប្រគេនព្រះសង្ឃ និងជូនចំពោះបងប្អូនជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ទាំងអស់ អំពីចម្ងាយ ដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ។

ដោយសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ យើងបាននឹងកំពុងជួបប្រទះ នូវគ្រោះកាចដោយជំងឺកូវីដ១៩ COVID-19 ធ្វើឲ្យយើងទាំងអស់គ្នា មានការព្រួយបារម្ម មិនបានជួបជុំគ្នាច្រើន សប្បាយរីករាយដូចឆ្នាំមុនៗ។ ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមឲ្យបងប្អូនអត់ធ្មត់ ដោយរក្សាអនាម័យ និងការពារសុខភាព តាមការណែនាំរបស់សមត្ថកិច្ច។ ក៏ប៉ុន្តែសូមបងប្អូនពង្រឹង ស្មារតីឲ្យរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយជឿជាក់ថា មនុស្សលោកនឹង យកឈ្នះលើជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗនេះជាមិនខាន។

ជាការកត់សម្គាល់ ឆ្នាំចាស់កន្លងទៅនេះ ទន្ទឹមនឹងការរីកចម្រើន ដែលមិនប្រាកដប្រជាខ្លះៗ ពិភពលោកបានជួបប្រទះ នូវបញ្ហាប្រឈមជាច្រើន ដែលមិនទាន់បានដោះស្រាយ ដូចជាទំនាស់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ អាវុធនុយក្លេអ៊ែរ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស បរិស្ថានជាដើម ស្រាប់តែផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩(COVID-19) ដ៏សាហាវបាន និងកំពុងឆ្លងនិងសម្លាប់មនុស្ស ស្ទើរតែគ្រប់ប្រទេស រួមទាំងកម្ពុជាយើងផង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែជឿជាក់ថា បើមនុស្សក្នុងពិភពលោកសាមគ្គីគ្នា សហការគ្នា មនុស្សនឹងយកឈ្នះ លើបញ្ហាទាំងនោះបាន ជាពិសេសពិភពលោកនឹងឈ្នះCOVID-19 ក្នុងពេលឆាប់ៗខាងមុខនេះ។ បើប្រជាពលរដ្ឋខ្មែរចេះ គោរពស្រឡាញ់គ្នា ជួយគ្នា អត់ឱនឲ្យគ្នា រួបរួមគ្នា យើងនឹងឈ្នះមិនត្រឹមតែ COVID-19ទេ បន្ទាប់ពីនេះទៅទៀត ឲ្យតែខ្មែររួបរួមគ្នា យើងនឹងដោះស្រាយបញ្ហាផ្សេងៗទៀត ដែលជាផលប្រយោជន៍របស់ប្រជាជាតិយើងបានជាមិនខាន។ ព្រោះអ្វីៗវាអាចកើតឡើង ជួនកាលដោយសារធម្មជាតិ ឯបញ្ហាខ្លះដោយសារមនុស្ស ជាអ្នកបង្កើត ហើយមនុស្សក៏នឹងអាចដោះស្រាយវិញ បានគឺអាស្រ័យលើឆន្ទៈ។

ជាពិសេស ក្នុងឱកាសដ៏វិសេសវិសាលចូលឆ្នាំថ្មីនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមឧទ្ទិសបួងសួងដល់បារមីទេវតាឆ្នាំថ្មី បារមីវត្ថុសក្ត័សិទិ្ធទាំងឡាយក្នុងលោក និងគុណបុណ្យព្រះរតនត្រៃ សូមប្រទានពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ មហាប្រសើរ ចម្រើនរុងរឿង ចូលមានដល់ ប្រជាពលរដ្នខ្មែរគ្រប់ៗគ្នា ក៏ដូចជាមនុស្សក្នុងពិភពលោកផងដែរ។ ចំពោះមុខនេះ សូមឲ្យវីរុសកូវីដ១៩ រលាយសាបសូន្យអស់ពីភពផែន។សូមឲ្យព្រះរាជាណាចក្រកម្ពុជា ជួបតែសុខសន្តិភាព វឌ្ឍនភាព ឯករាជ្យជាតិ និងឯកភាពជាតិរឹងមាំ ដើម្បីជាជម្រកដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា៕