ភ្នំពេញ៖ ដើម្បីងាយស្រួល ត្រួតពិនិត្យសុខភាព បង្ការទប់ស្កាត់ ជំងឺកូវីត១៩ កម្ពុជា-ថៃ បានឯកភាពកំណត់យក ច្រកអូរបីជាន់-គោកធ្យូង តែមួយគត់ សម្រាប់សម្របសម្រួលឱ្យពលករខ្មែរ ធ្វើមាតុភូមិនិវត្តន៍។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្ត បន្ទាយមានជ័យ។
ក្នុងជំនួបពិភាក្សា ដោះស្រាយការងារបន្ទាន់មួយចំនួន ជាមួយអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ តមរយៈ លោកវរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានស្នើសុំភាគីថៃ ជាគោលការណ៍រួមទៅ ០២ចំណុច៖
១.ស្នើសុំជួយសម្រួល ដល់បងប្អូនពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនមករាល់ថ្ងៃ សូមមានកិច្ចសហការ និងកំណត់យកទីតាំងច្រក ណាមួយសមរម្យ ដូចជាច្រកបឹងត្រកួន ជាអាទ៍ ដើម្បីងាយស្រួល ក្នុងការត្រួតពិនិត្យ ការពារជំងឺកូវីត១៩ តែកន្លងមកបញ្ជូនមកតែ តាមច្រករបៀង ចំការគរ ។
២.ស្នើឲ្យមានការជួយសម្រួលការចេញចូល ដឹកតំឡូងមី របស់ប្រជាកសិករ ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដូចជា នៅច្រកបឹងត្រកួន ច្រកម៉ាឡៃ និងច្រកប៉ោយប៉ែត ជាដើម ។
ជាការឆ្ឦើយតបលោក វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ និងកងកម្លាំងបូពា៍ថៃ បានឯកភាពជាគោលការណ៍រួម:
១.កំណត់យកទីតាំង ច្រកអូរបីជាន់ គោកធ្យូង ជាកន្លែងតែមួយគត់ដើម្បីសម្របសម្រួលដល់ពលករ ដែលអាជ្ញាធរបញ្ជូនមកដើម្បីងាយស្រួលទាំងខាងថៃ និងកម្ពុជា ដើម្បីរួមគ្នាពិនិត្យសុខភាព មុនអនុញ្ញាតឲ្យចេញ ។ជាមួយនោះបន្តសហការទប់ស្កាត់ការលួចចេញតាមច្រករបៀងផ្សេងទៀត។
២.តាមសំណើសុំរបស់ លោកអភិបាលខេត្តបន្ទាយមានជ័យ សម្រួលចេញដំឡូវមី ទំនិញ ចេញតាមច្រកតំបន់ផ្លូវការណាមួយនោះ រដ្ឋបាលខេត្តស្រះកែវនឹងធ្វើរបាយការណ៍សុំគោលការណ៍ក្រសួងពាណិជ្ជកម្មថៃដើម្បីសម្រួលជូន និងផ្តល់ដំណឹងជម្រាបជូនតាមក្រោយ
ក្រោយកិច្ចប្រជុំពិភាក្សាការងាររួច លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងទាំង៣ បានអញ្ជើញចុះពិនិត្យមើល ទីតាំងច្រកអូរបីជាន់~គោកធ្យូង ឋិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាច្រកមានការប្រជុំឯកភាពជារួមរវាង អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ថៃ សម្របសម្រួលឲ្យពលករខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនមក ចេញតែមួយគត់ដើម្បី ងាយស្រួល ត្រួតពិនិត្យសុខភាព បង្ការទប់ស្កាត់ ជម្ងឺកូវីត១៩ ។
ជាមួយគ្នានោះ លោកអភិបាលក៏បាន បានណែនាំដល់ប្រជាពលរដ្ឋ ដែលទើបតែវិលត្រឡប់ មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល ១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង ប្រសិនបើសង្ស័យថា ខ្លួនមានផ្ទុកនូវវ៉ីរុសកូវីដ 19នេះ សូមទំនាក់ទំនងទៅកាន់ លេខទូរស័ព្ទ 115 ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
ក្នុងឱកាសនោះ លោក ព្រមទាំងក្រុមការងារ បានខ្នះខ្នែងស្វែងរកទីតាំងរៀបចំសមរម្យ សម្រាប់ក្រុមការងារសុខាភិបាល កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ធ្វើការងារប្រចាំការត្រួតពិនត្យបងប្អូនពលករដែលចេញមកពីថៃ ផងដែរ ៕