កូវីដ១៩៖ GMAC ទទូចឲ្យអ្នកទិញទំនិញពីកម្ពុជា បន្តធ្វើការងារជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាលំបាក

0

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវដោយទទូច ឲ្យអ្នកបញ្ជាទិញទាំងអស់ ដែលទិញទំនិញពីកម្ពុជា មេត្តាធ្វើការជាមួយគ្នា ដើម្បីអាចដោះស្រាយបញ្ហាលំបាក ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរាតត្បាតដោយជំងឺកូវីដ១៩ ។

យោងតាមលិខិតចំហររបស់ GMAC នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ការឆ្លងរាលដាលជាសកលនៃជំងឺ Covid-19 បានធ្វើឲ្យមានចលាចលដល់ជីវិតរស់នៅ និងអាជីវកម្មរបស់យើងទាំងអស់គ្នា។ សមាគមរោងចក្រកាត់ដេរ សូមអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ ដែលទិញពីកម្ពុជា មេត្តាធ្វើការងារជាមួយយើង ដើម្បីយើងទាំងអស់គ្នាអាចដោះស្រាយ បញ្ហាលំបាកទាំងនេះបាន»។

សមាគមសូមជំរុញអ្នកបញ្ជាទិញ មេត្តាគោរពតាមលក្ខខណ្ឌ នៃកិច្ចសន្យាទិញរបស់ខ្លួន ហើយបំពេញកាតព្វកិច្ច ដោយទទួលយកការដឹកទំនិញហើយទូទាត់ប្រាក់ សម្រាប់ទំនិញដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិតទាំងនេះ នឹងធ្វើឲ្យយើងអាចបន្ដផ្ដល់ការងារដល់កម្មករ ៧៥០,០០០នាក់ និងធ្វើឲ្យយើងមានសមត្ថភាពបើកប្រាក់ឈ្នួលជូនកម្មករ និងធានាដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។

សមាគមសូមអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ មេត្តារក្សាការទទួលខុសត្រូវ ចំពោះអ្នកផ្គត់ផ្គង់ និងកម្មករដែលបម្រើការងារ ក្នុងវិស័យរបស់យើង៕