ភ្នំពេញ៖ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញថ្នាំញៀន ដែលសមត្ថកិច្ចរកឃើញអណ្តែតលើផ្ទៃសមុទ្រ នៅចំណុចកោះកុងក្រៅ ចំការដូងទី៥ ភូមិអាឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
សន្និសីទសារព័ត៌មានបង្ហាញពីសារធាតុគ្រឿងញៀននេះមានការចូលរួមក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង, លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង និងឧត្តមសេនីយ៍ មីន រស្មី ស្នងការរងផែនប្រឆាំងបទល្មើសគ្រឿងញៀន រួមសមត្ថកិច្ចជំនាញជាច្រើនរូបផងដែរ។
ក្រោយពីធ្វើការត្រួតពិនិត្យសមត្ថកិច្បានអះអាងថា សារធាតុញៀននេះជាប្រភេទម៉ាទឹកកកមានចំនួន ២០កញ្ចប់ធំ ក្នុង១ កញ្ចប់មានទម្ងន់ ១០២០ក្រាម។ សារធាតុគ្រឿងញៀនទាំងអស់នេះ ក្រោយពីធ្វើការពិនិត្យរួចរាល់ហើយសមត្ថកិច្ចនឹងបញ្ជូនទៅរក្សាទុកនៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតានីតិវិធីច្បាប់៕