ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថាតាមការសិក្សារបស់ក្រសួងសុខាភិបាលអ្នកដែលមានគ្រោះថ្នាក់ខ្ពស់បំផុត ពោលគឺអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយផ្ទុកជំងឺ កូវីដ-១៩ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានចំនួន៣៥៣នាក់ ក៏ប៉ុន្ដែ ៣៥៣នាក់នោះ ក្រសួងសុខាភិបាលធ្វើតេស្ដរកឃើញ ១០៧នាក់ដែលមានជំងឺ កូវីដ-១៩។
លោកស្រីបន្ថែមថា ដោយឡែក ចំនួនករណីផ្សេងទៀត ដែលក្រសួងសុខាភិបាលរកឃើញ អ្នកប៉ះពាល់ដោយប្រយោល ១៣៥៩នាក់ ហើយអ្នកទាំងនោះមកដល់ពេលនេះ មិនទាន់មានអ្នកនរណាម្នាក់ មានបញ្ហាសុខភាពទេ ជាពិសេស ពួកគាត់ក៏បានរួចផុតពីការតាមដានផងដែរ។
យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា បរុសជនជាតិខ្មែរ ដែលបានជាសះស្បើយពីជំងឺ កូវីដ- ១៩ មានមានអាយុ ៣៨ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយក្រោយធ្វើតេស្តបង្ហាញលទ្ធផល អវិជ្ជមាន វីរុស កូវីដ-១៩ ចំនួន២លើក។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា តួលេខអ្នកជាសះស្បើយពីជំងឺ កូវីដ-១៩ មានការកើនឡើងជាបណ្ដើរៗហើយ ដែលនេះជាចំណុចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាទាំងមូល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺ កូវីដ-១៩ ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពជំងឺ កូវីដ-១៩ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា «មកទល់ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ស្ថានភាពនៃជំងឺ កូវីដ-១៩ នៅកម្ពុជារបស់យើង គឺយើងទទួលបានអ្នកដែលព្យាបាលជាសះស្បើយនោះ សរុបទាំងអស់ អាហ្នឹងយើងគិតតាំងពីខែមករា រហូតដល់បច្ចុប្បន្ននេះ សរុបទាំងអស់២៣នាក់ ហើយចំនួន២៣នាក់នេះ បើសិនយើងគិតជាភាគរយ បើធៀបជាមួយនឹង អ្នកដែលយើងរកឃើញ វិរុស កូវីដ-១៩នោះ គឺមានរហូតដល់ ២១,៥ភាគរយ។ចឹងតួលេខដែលបង្ហាញ អំពី ការពិនិត្យព្យាបាលជាសះស្បើយជូនបងប្អូនប្រជាពលរដ្ឋរបស់យើង តួលេខកើនឡើងជាបណ្ដើរៗហើយ ដែលនេះជាចំណុចវិជ្ជមានមួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា របស់យើង»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ មីនា នេះ កម្ពុជាបានរកឃើញអ្នកជំងឺ កូវីដ-១៩ ចំនួន១០៧នាក់ ក្នុងនោះ អ្នកកំពុង សម្រាកព្យាបាល៨៤នាក់ និងអ្នកជាសះស្បើយសរុប ២៣នាក់។ ក្នុងចំណោម ៨៤នាក់ មានស្ត្រី ២៧នាក់ និងបុរស ៧៤នាក់៕