ស្រ្តីម្នាក់បំពុលព័ត៌មាន ទាក់ទិនការហូបពងស្ងោរ ការពារពីជំងឺកូរ៉ូណា ត្រូវឃាត់ខ្លួនយកមកអប់រំ

0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅនាយកដ្ឋានជំនាញ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងនគរបាល ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានបន្តចុះស្រាវជ្រាវ និងឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ ដុស សុខឡី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប មុខរបរ លក់ខោអាវ ករណីបង្ហោះសារវីដេអូ តាមបណ្ដាញសង្គម និងកម្មវិធី Tik Tok ករណីបំផុសឲ្យហូបពងស្ងោរ ការពារជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ ស្រ្តីរូបនេះបានប្រើគណនីឈ្មោះ សុខ ឡី បង្ហោះព័ត៌មានមិនពិតដែលមានខ្លឹមសារថា “នៅស្រុកខ្ញុំមានកូនង៉ា ទើបកើតបាន២ថ្ងៃ ហើយក៏ចេះនិយាយប្រាប់ថា ក្នុងថ្ងៃនេះត្រូវស្ងោរ ពងញ៉ាំម្នាក់មួយគ្រាប់ ដើម្បីការពារជំងឺកូរណា ។ ហើយអ្នកស្រុកខ្ញុំគេនាំគ្នាផ្អើល ទៅមើលគ្រប់គ្នា ហើយនាំគ្នាទិញពងស្ងោរញ៉ាំ ហើយឥឡូវរកទិញពងមាន់អត់បាន។ ធម្មតាកូនង៉ា ១ខួប ទើបចេះនិយាយ តែអានឹងកើតបាន២ថ្ងៃ ចេះនិយាយ អ្នកទាំងអស់គ្នា គួរតែជឿត្រូវអត់ បើខ្ញុំ ខ្ញុំជឿម៉ង់ ព្រោះឃើញម៉ង់ ឡើងមួយភូមិផ្អើលទៅមើល” ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ បានបញ្ជាក់ថា រឿងនេះបានកើតឡើង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានគេយកវីដេអូនេះ ទៅផ្សព្វផ្សាយបន្ត រហូតដល់មានអ្នក មើល៦៤៧,១០០នាក់ ក្នុង TikTok ហើយ video ត្រូវបានគេយកមកបង្ហោះបន្តក្នុង Facebook និងមានអ្នកចូលមើលដល់ ២១,០១៧នាក់។ សរុប ៦៦៨,១១៧នាក់បានមើលឃ្លីបវីដេអូនេះ។ វីដេអូ និងខ្លឹមសារនេះ បានអោយធ្វើអោយប្រជាពលរដ្ឋ មានការ ជ្រុលច្របល់ ប៉ះពាល់ សេដ្ឋកិច្ច និងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។

ក្រោយការសាកសួរ របស់សមត្ថកិច្ច សាមីខ្លួនបានសារភាព និងទទួលស្គាល់នូវ ទោសកំហុស ហើយសមត្ថកិច្ចក៏បានអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងមានការធានា ពីសំណាក់អាណាព្យាបាល មុនអនុញ្ញាតអោយត្រឡប់ ទៅគេហដ្ឋានវិញ ៕