ភ្នំពេញ៖ អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានសរសេររៀបរាប់ ទាំងរំជួលពីសេចក្ដី ទុក្ខសោកបែកបាក់ គ្រួសារដោយសារជំងឺកូវីដ១៩ ខណៈឪពុកដែលមានជំងឺ ត្រូវបានដាក់ដោយឡែកពីគេ១៤ថ្ងៃ ចំណែកកូនប្រុសអាយុ១១ តែប៉ុណ្ណោះ។
អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានសរសេរសារ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារក្នុងន័យដើម ទាំងស្រុងថា៖កាលពីប៉ុន្មានថ្ងៃ ក្រុមការងារម្នាក់ បានប្រាប់ខ្ញុំពីរឿងដ៏កំសត់មួយ
•នៅពេលដែលពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹង CoVID19 ដែលយើងបានឃើញថា គ្រប់ប្រទេសត្រូវតែធ្វើ ការសម្រេចចិត្តម៉ឺងម៉ាត់ និងចាត់វិធានការខ្លាំងក្លា ដើម្បីទប់ទល់ និងប្រឆាំងនឹងវីរុសនេះ។ នៅកម្ពុជាយើងត្រូវធ្វើដូច្នេះដែរ។
នៅខេត្តមួយ ក្នុងប្រទេសកម្ពុជា មានគ្រួសារមួយ ដែលមានពីរនាក់ឪពុក និងកូនអាយុ ១១ ឆ្នាំ ។ ឪពុកបានឆ្លងវីរុសកូវីដ១៩ ហើយអាជ្ញាធរចាំបាច់ត្រូវដាក់គាត់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ។ នៅពេលដែលឪពុក ត្រូវចាកចេញទៅជាមួយ អាជ្ញាធរ កូនរបស់គាត់បានមកស្ទូះទៅឱបគាត់ ឃាត់មិនចង់ឱ្យគាត់ទៅទេ។ អ្នកទាំង២បានឱបគ្នាយំ ។ទាល់តែអាជ្ញាធរនិយាយបញ្ឆោតក្មេងនោះថា ឪពុកគេទៅលេងទីក្រុងហើយ គាត់នឹងត្រឡប់មកវិញ នៅពេលរសៀល ទើបគេព្រមលែង ។
•នេះជារឿងដែល រំជួលចិត្តខ្លាំងណាស់ សម្រាប់ពួកយើងជាច្រើន ប៉ុន្តែយើងត្រូវចងចាំថា នៅក្នុងរឿងនេះ ប្រសិនបើទុកឱ្យឪពុក នៅជាមួយកូន នៅក្នុងសហគមន៍ របស់គាត់ ហានិភ័យខ្ពស់ នៃការរាលដាលវីរុស ដល់កូនរបស់គាត់ និងមនុស្សនៅក្នុងសហគមន៍ របស់គាត់កាន់តែខ្ពស់។ ដូច្នេះទោះបីជាក្នុងសាច់រឿងនេះ យើងឃើញការបំបែក ឪពុកចេញពីកូន តែការចាត់វិធានការ ដ៏តឹងរឹងនេះ បានជួយកាត់បន្ថយ ហានិភ័យ នៃការចម្លងជំងឺនេះទៅអ្នកដទៃ។
ស្ថិតក្នុងគ្រាដ៏លំបាក ដែលពិភពលោក កំពុងប្រឈមនឹង វិបត្តិដោយជំងឺរាតត្បាតកូវីដ១៩ រដ្ឋាភិបាលត្រូវប្រឈមនឹងការសម្រេចយកជម្រើសដ៏ពិបាក និងអនុវត្តវិធានការនានា ដែលជះឥទ្ធិពល ដោយផ្ទាល់លើជីវភាព ប្រចាំថ្ងៃរបស់យើង ការរឹតត្បិតសិទ្ធិសេរីភាព ដូចជាវិធានការរឹតត្បិតខ្លួនឯង “ស្នាក់នៅផ្ទះ” អ្នកខ្លះត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ឬយូរជាងនេះ ណែនាំពលរដ្ឋឱ្យការពារខ្លួន ប្រកាន់ខ្ជាប់នូវអនាម័យ រក្សាគម្លាតសង្គម និងវិធានការដទៃ ជាច្រើនទៀត ដែលអាចធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់យល់ពីស្ថានភាពធ្ងន់ធ្ងរ និងហានិភ័យនៃការឆ្លងជំងឺ នាពេលបច្ចុប្បន្ននេះ អាក់អន់ស្រពន់ចិត្ត នឹងរដ្ឋាភិបាលរបស់ខ្លួន។
ទោះជាយ៉ាងនេះក្តី នេះជាអ្វីដែលយើងត្រូវបង់ខាត ដើម្បីធានាថាយើងអាច ការពារសុខភាព ប្រជាពលរដ្ឋយើងបាន ក្នុងកាលៈទេសៈដ៏លំបាកនេះ។ អាជ្ញាធររបស់យើងបាន និងកំពុងធ្វើការទាំងហត់នឿយ ក្នុងការទប់ទល់ស្ថានការណ៍ ដែលកំពុង វិវត្តឥតឈប់ឈរ។ ពួកគាត់ត្រូវនៅឆ្ងាយ ពីក្រុមគ្រួសារ ស្វាមី ភរិយា និងកូនៗ ដើម្បីចូលសមរភូមិមុខប្រឆាំង នឹងការរីករាលដាល នៃវីរុសនេះ ក្នុងគោលបំណង តែមួយគត់ គឺដើម្បីសុវត្ថិភាពរបស់យើងគ្រប់គ្នា។ ដូច្នេះ យើងគួរយោគយល់ និងបន្តគាំទ្រនូវសកម្មភាព របស់ពួកគាត់ ជាជាងការអាក់អន់ស្រពន់ចិត្ត។ ជាងនេះទៅទៀត នេះមិនមែនជាពេលដែលយើងត្រូវរើសអើងគ្នានោះទេ តែជាពេលវេលាដែលយើងត្រូវ យោគយល់គ្នា ជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ក្នុងស្មារតីខ្មែរតែមួយ។
រាជរដ្ឋាភិបាល នឹងមិនអនុវត្តវិធានការណា ដែលតឹងតែងចំពោះប្រជាពលរដ្ឋ លើកលែងតែចាំបាច់ខ្លាំងប៉ុណ្ណោះ។
ចូលរួមជាមួយរាជរដ្ឋាភិបាល និងរួមចំណែកទាំងអស់គ្នា ដើម្បីយើងឆ្លងផុតគ្រាលំបាកនេះទាំងអស់គ្នា ក្នុងនាមជាប្រជាជាតិខ្មែរតែមួយ ៕